សម្ដេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ដែលបានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ដែលបានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានាសូមចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។
តបតាមការអំពាវនាវនេះហើយ ទើបអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា បានចូលរួមបរិច្ចាគថវិកាក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួលនេះ៕

អត្ថបទដែលជាប់ទាក់ទង