រឿងកាន់តែក្ដៅ ! មន្ត្រីនាំពាក្យបដិសេធយកប្រាក់៥៥០០ដុល្លារ ពីបុរសជនជាតិខ្មែរ-ឥស្លាម តែលោក ផែង វណ្ណៈ ថាមានអ្នកកំពុងលេងល្បែងថ្ពឹនភ្នែក

ក្រុងសួង៖ បន្ទាប់ពីតុលាការខេត្តត្បូងឃ្មុំ សម្រេចដោះលែងបុរសជនជាតិខ្មែរ-ឥស្លាម ២រូប ដែលធ្វើកាំបិតពូថៅបង្ហោះលក់លើបណ្តាញសង្គម កាលពីថ្ងៃទី១១កុម្ភៈ ពេលនេះ ធ្លាយដំណឹងថា ការដោះលែងនោះ ជាថ្នូរនឹងការយកប្រាក់៥៥០០ដុល្លារពីបុរសជាប់ចោទទាំងពីរនេះ…។

បន្ទាប់ពីមានការទម្លាយចេញរបស់ផេក PVN News ដែលបានសរសេរសារបង្ហោះបញ្ជាក់ពីករណីសមត្ថកិច្ចដោះលែងជនជាប់ចោទពីរនាក់ជាបុរសខ្មែរ-ឥស្លាម ធ្វើកាំបិតពូថៅបង្ហោះលក់លើបណ្តាញសង្គម ហើយត្រូវបានដោះលែងជាមួយនឹងការបង់ប្រាក់៥៥០០ដុល្លារនោះ មានប្រតិកម្មជាថ្មីពីមហាជនម្តងទៀត។ លោក ផែង វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះ៖«ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ យកលុយគេហើយហាមគេមិនឱ្យនិយាយទៀត? យកល្អគួរយកលុយឱ្យគេវិញទៅអាណិតគ្នា។» ក្រោយឃើញសំណេរនេះ មហាជនជាច្រើននាំគ្នាចែកចាយបន្តពីម្នាក់ទៅម្នាក់យ៉ាងផុលផុស នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបានចោទជាសំណួរ ថាតើវាជាការពិតដែរឬទេ ដែលមន្ត្រីអនុវត្តច្បាប់ហ៊ានប្រព្រឹត្តអំពើពុករលួយបែបនេះ? និងអ្នកខ្លះទៀតសួរថា ហេតុអ្វីក៏មន្ត្រីរាជការហ៊ានធ្វើរឿងនេះទៅកើត ក្នុងកំលុងពេលដែលរឿងក្ដីមួយនេះ មានមហាជនឈឺឆ្អាលស្ទើរពេញផ្ទៃប្រទេសទៅហើយនោះ?
យ៉ាងណា ភ្លាមៗនៅក្នុងគ្រុបតេឡេក្រាមចែករំលែកព័ត៌មានរបស់ខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានផ្ញើសារឆ្លើយតបជូនអ្នកសារព័ត៌មានក្នុងខេត្ត ដោយបានបញ្ជាក់បដិសេធថា«ចំពោះរឿង៥៥០០ដុល្លារ យើងខ្ញុំសូមបដិសេធទាំងស្រុង យើងខ្ញុំ..នឹងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើសេចក្ដីបំភ្លឹរកភាពស្អាតស្អំដល់មន្ត្រីអនុវត្តច្បាប់។ សូមអរគុណ បងៗសារព័ត៌មានក្នុងgroup។» ដោយឡែក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មន្ត្រីនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរូបនេះ ក៏បានបន្តបដិសេធមិនធ្វើអត្ថាធិប្បាយករណីខាងលើ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានផងដែរ ដោយលោកបញ្ជាក់ឱ្យរង់ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត នាពេលខាងមុខ។
ទោះជាយ៉ាងណា លោកវរសេនីយ៍ឯក ឡាយ ឧត្តម បានគូសបញ្ជាក់លើសំណេរដែលលោកបានបញ្ជូនបន្តទៅកាន់គ្រុបអ្នកព័ត៌មានយ៉ាងដូច្នេះថា «ពាក់ព័ន្ធការចុះប្រតិបត្តិការទីតាំងផលិតដាវកាំបិត ដែលផ្សព្វផ្សាយលក់ និងទទួលផលិតតាមការបញ្ជាទិញ តាមបណ្តាញសង្គម Facebook និងតាមអនឡាយ ស្នងការដ្ឋាន មិនធ្វើការរបំភ្លឺ ដោយយើងខ្ញុំអនុវត្តតាមជំនាញវិជ្ជាជីវៈក្រមសីលធម៌ ជាមន្ត្រីនគរបាល និងស្របតាមនីតិវិធី ដោយការបង្ហោះនេះ ងាយស្រួលដល់ក្មេងទំនើងបញ្ជាទិញដាវ កាំបិត តាមប្រព័ន្ធអនឡាញ បានយ៉ាងងាយស្រួល ការផលិតលក់តាមបែបដូនតាខ្មែរ មានតែកំបិតប្រើក្នុងជីវភាពប្រចាំថ្ងៃ (ចប) ហើយមានការសុំច្បាប់ បើកសិប្បកម្មធំតូច តាមទំហំការផលិត ដែលមិនប៉ះពាល់ដល់សន្តិសុខសង្គម។»

លោក ផែង វណ្ណៈ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃពុធទី១២កុម្ភៈដដែលនេះ ក៏បានបញ្ចេញសារ ដោយបញ្ជាក់ពាក្យសម្តីធ្ងន់ៗថា«ខ្ញុំសំណូមពរទៅបុគ្គលដែលកំពុងណែនាំគ្រួសារជាងកាំបិត ឱ្យចេញសារបដិសេធតាមហ្វេសប៊ុក ថាជាងកាំបិតចេញមកនេះ អត់អស់លុយ៥៥០០ដុល្លារទេ ព័ត៌មានដែលលោក ផែង វណ្ណៈ ផ្សាយជាព័ត៌មានមិនពិត សូមបញ្ឈប់សកម្មភាពទៅ។ ការពិតនៅតែជាការពិត ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ខ្ញុំផ្សាយព័ត៌មាន ខ្ញុំមានការទទួលខុសត្រូវ រឿងមិនពិតខ្ញុំមិននិយាយទេ។ ការណែនាំរបៀបគំរាមកំហែងបំភិតបំភ័យជនទន់ខ្សោយ មិនគួរយកមកប្រើទេ កុំឱ្យរឿងកាន់តែធំ បើយើងខុសឆ្គង សូមកែលម្អទៅ»។ សារព័ត៌មានយើងខ្ញុំ នឹងតាមដានករណីនេះបន្តទៀត ក្រោយអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត ចេញសេចក្ដីបំភ្លឺជុំវិញការលើកឡើងថា បានយកលុយពលរដ្ឋ៥៥០០ដុល្លារអាម៉េរិក នោះជាការពិតមែន ឬក៏យ៉ាងណា? ហើយថា តើករណីនេះ ការពិតវានឹងទៅជាយ៉ាងណាវិញ?៕

អត្ថបទដែលជាប់ទាក់ទង