ពលរដ្ឋ ស្នើឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ មានវិធានការលើរោងចក្រស្វាយ ស្រុកសំរោងទង ដែលបង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយខ្លាំង
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានលំនៅដ្ឋានស្ថិតនៅក្បែររោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្នើដល់អាជ្ញាធរមានវិធានការ ចំពោះរោងចក្រមួយនេះ ដែលបង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ បង្កជាក្លិនស្អុយខ្លាំងពិបាកក្នុងរស់នៅ និងបង្រៀនមិនកើត។
ប្រជាពលរដ្ឋម្នាក់ បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្លិនដែលបង្កឡើងពីកាកសំណល់នៃផ្លែស្វាយបានសាយភាយក្លិនស្អុយទៅលើអ្នកភូមិកាន់តែខ្លាំងឡើងៗ ធ្វើឱ្យពួកគាត់ពិបាករស់នៅណាស់ ពិសេសសិស្សសាលាអង្គុយរៀនទាំងបង្ខំចិត្ត និងទ្រាំបំផុត។ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែមិនដឹងថាអាជ្ញាធរមូលដ្ឋានមានលទ្ធភាពអន្តរាគមន៍ ឬហាមឃាត់បានដែរឬអត់នោះទេ ហើយក្រោយរាយការណ៍ក្លិនស្អុយនេះក៏កើតមានកាន់តែខ្លាំងឡើងៗ ហាក់មានការផ្គើនជាមួយប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះពួកគាត់ពិតជាជួបនូវការលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ដោយហេតុថា រោងចក្រខាងលើ បញ្ចេញកាកសំណល់ទឹកកខ្វក់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយខ្លាំងប៉ះពាល់ដល់បរិស្ថាន ពិសេសសិស្សានុសិស្សតូចៗដែលសិក្សារៀនសូត្រក្នុងសាលានៅក្បែរទីតាំងរោងចក្រ។
ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញសូមជួយអន្តរាគមន៍ ពិនិត្យលើបទដ្ឋានបច្ចេកទេសនៃការទុកដាក់សំណល់រឹង សំណល់រាវ បញ្ឈប់ការបង្ហូរចូលទៅក្នុងប្រឡាយធម្មជាតិបន្តទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពរស់នៅបានស្រួល មានសុខភាពល្អ និងអាចឱ្យកូនៗរបស់គាត់មានឱកាសក្នុងការរៀនសូត្រក្រេបយកចំណេះជំនាញ ដើម្បីឈានទៅឈោងចាប់ឱកាសការងារចិញ្ចឹមជីវិតផង។
ពាក់ព័ន្ធនឹងការស្នើសុំនេះមន្ទីរជំនាញបរិស្ថានខេត្តនិងអាជ្ញាធរស្រុកសំរោងទងបានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា មន្ទីរ និងអាជ្ញាធរនឹងចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំងរោងចក្រខាងលើនេះ ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្ស៕