ព័ត៌មានលម្អិត ! អគ្គិភ័យឆេះរោងចក្រកាត់ដេរ ហ្វ័រម៉ាត ខណ្ឌដង្កោ សមត្ថកិច្ចប្រើប្រាស់ទឹកជាង២០០ឡាន
(ភ្នំពេញ)៖ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ៦៖៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះរោងចក្រ មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នៅក្នុងប្រតិបត្តិការនេះ គេឃើញមានវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក៏បានដឹកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះផងដែរ។
ចំពោះ ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១១៖០០នាទីព្រឹកនាថ្ងៃទី១២ ខែឆ្នាំដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវផងដែរ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ៕