តាមចាប់ជនដៃដល់ ដែលច្របាច់ ក សង្សារ បណ្តាលឲ្យស្លា..ប់ ដល់ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ជនដៃដល់ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។
ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។
សូមបញ្ជាក់ថា ស្រ្តីកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹត ក សម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។
ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ៕

អត្ថបទដែលជាប់ទាក់ទង