រដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុង «កិច្ចប្រជុំកំពូល ស្ដីពីបញ្ញាសិប្បនិម្មិត» នៅប្រទេសបារាំង

(ប៉ារីស)៖ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូល ស្ដីពីបញ្ញាសិប្បនិម្មិត» នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួមសរុបប្រមាណ ១,៥០០នាក់។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់ លើកាលានុវត្តភាព និងបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូលបទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិស័យការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិបាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។
តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្មនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា ទាំងរដ្ឋាភិបាល ធុរកិច្ច ពលរដ្ឋ និងសង្គមស៊ីវិល ទី៣. នវានុវត្តន៍ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីក្នុងការអភិវឌ្ឍថ្នាល កម្មវិធី និងប្រព័ន្ធផ្សេងៗមានស្តង់ដានិងលក្ខណៈបើកចំហរ ទី៤. ការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងទី៥. កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់។
ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួម រួមទាំងកម្ពុជា បានគាំទ្រលើ «សេចក្ដីថ្លែងការណ៍ ស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់មនុស្សជាតិ និងភពផែនដី»។
ដោយឡែក សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស មិនគាំទ្រសេចក្តីថ្លែងការណ៍នេះទេ ដោយបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត មិនគួរមានបទប្បញ្ញត្តិរិតត្បិតទេ ពីព្រោះការរិតត្បិតនេះអាចនឹងក្លាយ ជាឧបសគ្គក្នុងជំរុញនវានុវត្តន៍ និងឈានដល់ការសម្លាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។
កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតលើកនេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំកំពូល នៅចក្រភពអង់គ្លេសឆ្នាំ២០២៣ និងនៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៤ ហើយកិច្ចប្រជុំកំពូលបន្ទាប់នឹងរៀបចំនៅសាធារណរដ្ឋឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង