កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីឃា..តកម្មនៅស្រុកឈូក ខេត្តកំពត

នៅកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណី ឃាតកម្មលើជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ។
សម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាស ទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជី។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃកើតហេតុខ្លួនបានទៅរួមរ័ក្សជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវាយទៅលើជនរងគ្រោះបណ្តាលស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន។ ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង