ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យប្រធានមូលនិធិ Mine-Ex, នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ÷រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យ លោក Reto Stump ប្រធានមូលនិធិ- Mine-Ex, លោក Carson Harte នាយកប្រតិបត្តិកមជ្ឈមណ្ឌល Exceed Worldwide, លោក Didier Cooreman ប្រធានអង្គការ ICRC ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់មូលនិធិ Mine-Ex, មជ្ឈមណ្ឌល Exceed Worldwide និងអង្គការ ICRC ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។
ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមីន នឹងបន្តការគាំទ្រ ផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយមូលនិធិ Mine-Ex, មជ្ឈមណ្ឌល Exceed Worldwide និងអង្គការ ICRC ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសហគមន៍របស់ពួកគាត់៕