សូមចូលរួមរំលែកទុក្ខផង! មន្ត្រីពន្លត់អគ្គិភ័យ ដែលយើងធ្លាប់បានផ្សាយឲ្យមហាជនជួយ ពេលនេះទទួលមរណភាពហើយ
ភ្នំពេញ ៖ សូមចូលរួមរំលែកទុក្ខផង គ្រប់ពេលដែលមានករណីអគ្គិភ័យកើតឡើង យើងគ្រប់គ្នារត់ចេញ តែពួកគាត់លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត រត់ចូលទៅកន្លែងដែលមានគ្រោះថ្នាក់ ជួយសង្គ្រោះមនុស្ស និងពន្លត់អគ្គិភ័យ មិនឲ្យឆេះរាលដាលបន្ត រហូតលោកអនុសេនីយ៍ឯក អ៊ំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ដែលមានជំងឺកូនកណ្តុរ និងសួតធ្ងន់ធ្ងរ ហើយត្រូវបានបងប្អូនមហាជន ក៏ដូចជាថ្នាក់ដឹកនាំ លោកអាណិតមេត្តាផ្តល់ជំនួយជាថវិកាជាហូរហែ យ៉ាងណាក៏ដោយ ពេលនេះដោយសារស្ថានភាពធ្ងន់ធ្ងរ លោកអនុសេនីយ៍ឯក អ៊ំសំណាង បានទទួលមរណភាពហើយ។
តាមការបញ្ជាក់របស់លោក វរសេនីយ៍ទោ អ៊ំ ចន្ថា ហៅអគ្គី០៥ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាឪពុករបស់ លោកអនុសេនីយ៍ឯក អ៊ំសំណាង ផ្ទាល់បានបញ្ជាក់ថា កូនរបស់លោក បានទទួលមរណភាពនៅវេលាម៉ោង៥និង៣០នាទី យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតនៅគេហដ្ឋានក្នុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នេះជាដំណឹងដ៍សោកសៅមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសង្គម ដែលបានបាត់បង់នូវមន្ត្រីដែលល្អ មន្ត្រីដែលលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងជីវិតរបស់លោក បម្រើការពារប្រជាពលរដ្ឋ រហូតមានជំងឺធ្ងន់ធ្ងរ យើងគ្រប់គ្នារត់ចេញ តែពួកគាត់រត់ចូល ក្រោមកម្តៅអគ្គីដ៏ក្តៅស្ទើរមិនអាចទ្រាំបាន ក្រោមធូលីផ្សែងយ៉ាងខ្មួរខ្មាញ់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនេះ ជាការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ ៕