ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យលទ្ធភាពធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងស្រុកសំរោង ខេត្តតាកែវ

នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យលទ្ធភាពធ្វើអន្តរាគមន៍ដើម្បីរកដំណោះស្រាយជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រពចំនួន ៥៣៥ហិកតា ក្នុងឃុំជើងគួន និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បន្តតាមដាន និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ដើម្បីធ្វើការងារគ្រប់គ្រង បញ្ជូនទឹក និងបែងចែកទឹក ដើម្បីជួយសង្គ្រោះសូ្រវប្រាំងជូនបងប្អូនប្រជាកសិករឱ្យទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអញ្ជើញដឹកនាំក្រុមការងារបច្ចកទេសក្រសួង និងមន្ទីរចុះពិនិត្យជាក់ស្តែងស្ថានភាពអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ និងដំណើរការនៃការកំណត់ព្រំ ដើម្បីជំរុញការចុះបញ្ជីអាងទឹកឱ្យបានឆាប់រហ័ស ក្នុងភូមិសាស្ត្រខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង