ស្រ្តីម្នាក់ ខឹងហៅកូនប្រុសឲ្យទៅធ្វើការមិនព្រមទៅជាមួយ ក៏បានខឹងទាំងម្ដាយបង្កើតរបស់ខ្លួនថែមទៀត បន្ទាប់មកបានធ្វើសកម្មភាពយកចាក់សោបង្ខាំងម្ដាយនិងកូនប្រុសបង្កើត នៅក្នុងផ្ទះ រួចគំរាមមិនឲ្យប្ដឹងសមត្ថកិច្ច

ភ្នំពេញ ៖ ស្រ្តីម្នាក់ខឹងហៅកូនប្រុសឲ្យទៅធ្វើការមិនព្រមទៅជាមួយ ក៏បានខឹងទាំងម្ដាយបង្កើតរបស់ខ្លួនថែមទៀត បន្ទាប់មកបានធ្វើសកម្មភាពយកចាក់សោបង្ខាំងម្ដាយនិងកូនប្រុសបង្កើតរបស់ខ្លួនម្នាក់នោះនៅក្នុងផ្ទះ រួចគំរាមមិនឲ្យប្ដឹងសមត្ថកិច្ចឡើយ បើហ៊ានតែប្ដឹងនាងនិងសម្លាប់ចោល ។ ខណៈនោះដោយសារតែមានការព្រួយបារម្ភខ្លាចកូនស្រីរូបនោះចាក់សាំងដុតផ្ទះ សម្លាប់រូបគាត់និងចៅប្រុស ទើបស្រ្តីជាម្ដាយខលទៅពឹងអ្នករត់ម៉ូតូកង់បីម្នាក់ ដែលជាអ្នកស្គាល់គ្នាឲ្យជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសផង ។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីដែលជាជនសង្ស័យចាក់សោ បង្ខាំងនិងគំរាមសម្លាប់ម្ដាយព្រមទាំងកូនប្រុសរបស់ខ្លួនឯងនោះឈ្មោះប៉ុល ដានី អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ ចំណែកស្រ្តីជាម្ដាយឈ្មោះលី កេន អាយុជាង៦០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯចៅប្រុសមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាគឺជាកូនបង្កើតរបស់ស្រីជាជនសង្ស័យ សព្វថ្ងៃស្នាក់នៅជាមួយជីដូនខាងលើ ។
អ្នកមីងលី កេន បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ម្នាក់នោះ(ជនសង្ស័យ) អត់មានធ្វើការអីទេ ហើយស្នាក់នៅផ្ទះជួលផ្សេងមែន ប៉ុន្តែឲ្យតែដល់ពេលបាយ បានមកហូបបាយជាមួយគាត់រាល់ថ្ងៃ ហើយពេលហូបបាយរួចបានទៅដេកនៅផ្ទះជួលវិញ ។ គាត់មិនបានដឹងថា កូនស្រីមានបញ្ហាផ្លូវចិត្ត ឬក៏ជំងឺសសៃប្រសាទអ្វីនោះទេ ប៉ុន្តែកន្លងមកតែងតែមករករឿងអុកឡុកគាត់ដោយគ្មានមូលហេតុស្ទើររាល់ថ្ងៃ គាត់ពិតជាមិនយល់សោះឡើយ ។
នៅមុនពេលកើតហេតុ កូនស្រីឈ្មោះប៉ុល ដានី នោះបានទៅយកកូនប្រុសរបស់ខ្លួន(ចៅប្រុសគាត់)ទៅធ្វើការ ពេលនោះគាត់ក៏បានប្រាប់ចៅថា «ចៅទៅក៏ទៅចុះ » ប៉ុន្តែចៅប្រុសប្រកែកមិនព្រមទៅតាមម្ដាយឡើយ ។ ដោយហេតុបែបនេះបានធ្វើឲ្យកូនស្រីរូបនោះខឹងកូនប្រុសរបស់ខ្លួនយ៉ាងខ្លាំង ហើយមកខឹងដោយទាំងរូបគាត់ថែមទៀត ទើបបានយកសោចាក់ទ្វារ១ និងទ្វារ១ទៀតយកដែកកាងព្យួរខោអាវចងពីខាងក្រៅជាប់ បង្ខាំងរូបគាត់និងចៅប្រុសនៅក្នុងផ្ទះ បន្ទាប់មកបានគំរាមថា«បើគាត់ហ៊ានតែប្ដឹងប៉ូលិសនាងនិងសម្លាប់គាត់ចោលតែម្ដង» ។
គាត់បានបញ្ជាក់ផងដែរថា ដោយសារតែភ័យខ្លាចកូនស្រីរូបនោះចាក់សាំងដុតផ្ទះសម្លាប់គាត់និងចៅប្រុសនោះ ទើបគាត់សម្រេចចិត្តខលទៅពឹងបុរសអ្នករត់ម៉ូតូកង់បីម្នាក់ ដែលជាអ្នកស្គាល់គ្នា ដើម្បីឲ្យជួយប្ដឹងនគរបាល ជួយដល់គាត់និងចៅប្រុសផង ។ ក្រោយពីទទួលបានការពឹងពាក់ពីរូបគាត់ហើយ បុរសអ្នករត់ម៉ូតូកង់បី បានទៅប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ឲ្យទៅជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសភ្លាមៗតែម្ដង ។
នគរបាលបានប្រាប់ថា នៅពេលចុះទៅដល់ទីតាំងដែលថាមានការចង្ខាំមនុស្សនៅក្នុងផ្ទះនោះ ក៏បានឃើញទ្វារ១ជាប់សោ និងទ្វារ១ទៀតចងដោយដែកកាងព្យួរខោអាវពីខាងក្រៅជាប់ ។
បន្ទាប់មកកម្លាំងក៏បានស្រាយដែកព្យួរខោអាវនោះចូលទៅខាងក្នុង ហើយបានឃើញស្រ្តីចំណាស់ខាងលើរួមនិងចៅប្រុសកំពុងជាប់នៅក្នុងផ្ទះនោះមែន រួចបានរំដោះគាត់ចេញ ។ ចំណែកកូនស្រីគាត់ដែលជាជនសង្ស័យ ក្រោយពេលដឹងថាគាត់ខលពឹងអ្នករត់ម៉ូតូកង់បីឲ្យជួយប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ក៏បានរត់គេចខ្លួនបាត់ស្រមោល ៕

អត្ថបទដែលជាប់ទាក់ទង