លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ អាគារបន្ទប់ទឹក និងផ្ដល់អាហារ១ពេលជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

កំពង់ចាម ៖ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ ចុះមកប្រគល់នូវអាគារទីចាត់ការ ,អគារបណ្ណាល័យ, អគារបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទើបត្រូវបានសាងសង់រួចរាល់នាពេលថ្មីៗនេះ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សមិទ្ធផលក្នុងសាលាបឋមសិក្សាទួលចំប៉ី ដែលជាចំណងដៃរបស់សម្ដេចតេជោនាពេលនេះរួមមាន អគារបណ្ណាល័យ១ខ្នងមាន២បន្ទប់, អគារទីចាត់ការ១ខ្នងមាន១បន្ទប់, បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ ព្រមទាំងលាបថ្នាំអាគារសាលាចាស់ឱ្យស្អាតឡើងវិញ។
សូមរំលឹកថា អាគារសមិទ្ធផលថ្មីៗនេះ បានសាងសង់ឡើងបន្ទាប់ពីរលោកជំទាវ ហ៊ុន ម៉ាណា ចុះមកប្រគល់អំណោយផ្ទះទេវតាជូនដល់ពលរដ្ឋនៅក្នុងភូមិនេះ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ដែលពេលនោះលោកជំទាវបានចុះមកពិនិត្យមើលឃើញពីការខ្វះខាតអាគារទីចាត់ការ អាគារបណ្ណាល័យ និងអាគារបន្ទប់ទឹកនៅទីនេះ ទើបលោកជំទាវសម្រេចរៀបចំសាងសង់ជូនដល់សិស្សានុសិស្សនៅទីនេះ។
លោកជំទាវ ហ៊ុន ម៉ាណាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋ និងក្មួយៗសិស្សានុសិស្សគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានរៀបចំនូវអាហារមួយពេលសម្រាប់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលានេះជាង១០០នាក់ព្រមទាំងបានចែកជូននូវកាតាប ដែលមានជាសម្ភារៈសិក្សា សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង