BVLGARI  ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក បង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅមុខប្រាសាទបាយ័ន ក្រោមវត្តមានស្ត្រីទី១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

(សៀមរាប)៖ BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក។

ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News លោក Jeffery Hang នាយកគ្រប់គ្រងប្រចាំតំបន់ បានឲ្យដឹងថា BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។

នៅពេលសួរពីមូលហេតុដែលខេត្តសៀមរាប ត្រូវបានជ្រើសរើសរៀបចំការបង្ហាញម៉ូត BVLGARI លោក Jeffery Hang ជាដំបូងបានថ្លែងអំណរគុណដល់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានណែនាំ BVLGARI ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កាលពី ១ឆ្នាំមុន។ លោកបានជឿជាក់យ៉ាងមុតមាំថា តម្លៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងនេះ ដែលត្រូវបានដាក់ឈ្មោះជាចង្កោមថា «Aeterna» មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងរឿងគ្រប់យ៉ាង ដែលតំណាងឲ្យខេត្តសៀមរាប ជាក់ស្តែងប្រាសាទអង្គរវត្តតែម្តង។

ចំណែកលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ព្រឹត្តិការណ៍ BVLGARI AETERNA ពិតជាមានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា។ សំខាន់នៅត្រង់ថា វាជាព្រឹត្តិការណ៍ដែលលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលតែម្តង ដែលម៉ាកយីហោកម្រិតពិភពលោក យកកម្ពុជាធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ និងដោយមានការចូលរួមពីបណ្តាញបុគ្គល្បីៗ ជុំវិញពិភពលោក។

ជាមួយគ្នានេះ លោកបានលើកឡើងពីអត្ថប្រយោជន៍ ចំនួន៣ ពី BVLGARI AETERNA រួមមាន៖ ផ្នែកទេសចរណ៍ ដែលអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះជាច្រើនមកពីជុំវិញពិភពលោក, ផ្នែកទេសចរណ៍ គឺមនុស្សដើរកម្សាន្ត និងវប្បធម៌ ដែលផ្សាយទៅកាន់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង