អ្នកនាំពាក្យ ៖ បុគ្គលដែលបើករថយន្តបញ្ច្រាសលើផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាចោរលួចលុយ ហើយបើកគេចពីការចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ច

(កណ្តាល)៖ ក្រោយឃើញមានការចែកចាយព័ត៌មានជាច្រើនលើបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធនឹងករណីរថយន្ត១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស បើកបរបញ្ជ្រាស់លើផ្លួវល្បឿនលឿន លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ករណីបុគ្គលដែលបើករថយន្តបញ្ច្រាសលើផ្លូវល្បឿននេះ ជាជនសង្ស័យអំពើចោរកម្ម កំពុងបើកគេចពីសមត្ថកិច្ច។
ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា «នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចូលតាមច្រកស្ថានីយភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាសទិសដៅទៅភ្នំពេញវិញដើម្បីគេចពីសមត្ថកិច្ច»។
លោក ផន រឹម បានបន្ថែមថា កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅស្នាក់ការគោលដៅស្ទឹងហាវ K172 បានរៀបចំកម្លាំងឃាត់រថយន្តខាងលើ នៅចំណុចច្រកចូលស្ថានីយ៍ស្ទឹងហាវ ប៉ុន្តែអ្នកបើកបរនៅតែមិនឈប់ និងបន្តដំណើរ បើកបញ្ច្រាសរហូតទៅដល់ចំណុច K147+400 ដែលស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អ្នកបើកបរបានចុះឈប់រថយន្ត រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿន បានប្រគល់រថយន្តខាងលើឲ្យទៅកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អនុវត្តតាមនីតិវិធី ហើយកម្លាំងនគរបាលកំពុងតាមចាប់៕

អត្ថបទដែលជាប់ទាក់ទង