ឯកឧត្តម គួច ចំរើន ស្នើដល់ក្រុមហ៊ុន Baray Global Management បន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្ដាល ក្នុងការទទួលផលិតផលកសិកម្មរបស់ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ការកណ្ដាល និងបានវិនិយោគនៅខេត្តកណ្ដាល ព្រមទាំងស្នើដល់ក្រុមហ៊ុន បន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្ដាល ក្នុងការទទួលផលិតផល កសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រ និងស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ច ក្រោមប្រធានបទ ៖ មូលដ្ឋានគ្រឹះ ក្នុងការបង្កើនសមត្ថភាពការផលិត ស្របតាមបច្ចេកវិទ្យា ឧស្សាហកម្ម ៤.០ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Baray Global Management ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ខេត្តកណ្តាល។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការផ្តួចផ្តើមបង្កើតក្រុមហ៊ុន Baray Global Management ក្នុងតំបន់សួនបណ្ដុំសហគ្រាសធន់តូច និងមធ្យម ស្តែងចេញអំពីគោលបំណងក្នុងការកៀងគរប្រមូលផ្តុំការវិនិយោគ ដែលបង្កើតបានជាប្រព័ន្ធ ប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដាឧស្សាហកម្ម ការបង្កើនច្រវាក់ផលិតកម្ម ការកែច្នៃផលិតផល កសិកម្មក្នុងស្រុក តាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលហាឡាល់ គាំពារហិរញ្ញវត្ថុ ការជម្រុញការនាំចេញទៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ការបង្កើតក្រុមហ៊ុន Baray Global Management គឺបានរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសព្វ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆិតាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។
លោក អ៊ឹម វិបុល ប្រធានគ្រប់គ្រងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Baray Global Management បង្កើតការអភិវឌ្ឍ និងវិនិយោគផលិតផលឧស្សាហកម្ម និងចំណីអាហារ ហាឡាល់ដំបូងគេនៅកម្ពុជា ទាក់ទាញបណ្តាក្រុមវិនិយោគិនហាឡាល់អោយមកបោះទីតាំង ក៏ដូចជាបណ្ដាក់ទុក ជំរុញអោយឧស្សាហកម្ម ហាឡាល់កាន់តែផុសផុលបំរើអោយវិស័យផលិតកាន់តែរីកចម្រើន ឈានទៅគ្រប់គ្រងវិនិយោគ សហគ្រាសអ្នកផលិត ពង្រីកទំនាក់ទំនងទីផ្សារអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង