អភិបាលខេត្តកំពង់ចាម ៖ កត្តាដែលនាំឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន គឺអាស្រ័យទៅលើកត្តាសុខសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តាដែលនាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តាប្រទេសជាតិមានសុខសន្តិភាព។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិ ផលនានាក្នុងវត្តទួលអណ្តែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា កត្តាដែលនាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើ៖
ទី១-កត្តាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថាមានសន្តិភាព ទើបយើងមានឱកាសធ្វើបុណ្យជួបជុំគ្នាទៅបាន។
ទី២-កត្តាអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់មានផ្លូវស្រួលសម្រាប់ធ្វើដំណើរ ទើបយើងនាំគ្នាទៅវត្តអារាមក៏បានស្រួលដែរ។
ទី៣-កត្តាជីវភាព ពីព្រោះថាការធ្វើបុណ្យដាក់ទានតិច ឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទី៤-កត្តា គឺចូលរួម ដោយសារមាន ជំនឿទុកចិត្តលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋយើង ចូលរួមធ្វើបុណ្យដើម្បីកសាងសមិទ្ធផលផ្សេងៗ។
ដូច្នេះហើយទើប ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឭកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យបងប្អូនប្រជា ពលរដ្ឋ ពុទ្ធបរិស័ទមានជំនឿទុកចិត្ត ទើបមានការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់ បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពោលគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ប្រយោជន៍ដើម្បីរក្សាឱ្យ បាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយើង។
បើតាមលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានឱ្យដឹងថា សមិទ្ធិផលនានាដែលត្រូវ សម្ពោធឆ្លងនាពេលនេះរួមមាន ឧបដ្ឋានសាលាបុណ្យ មានទទឹង៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ការ កសាងខ្លោងទ្វា ជួលជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ២,១៥០ម៉ែត្រ ចាក់សាប និងចាក់ផ្លូវបេតុង ក្នុងវត្ត សរុបអស់ថវិការ ១៥០លានរៀល និងជាង ១៣ម៉ឺនដុល្លារអាមេរិក ៕