ក្រោយផ្ទុះការរិះគន់! មេបញ្ជាការយោធាខេត្តក្រចេះ បំភ្លឺជុំវិញចម្ងល់មហាជន ហួសចិត្តរឿងឈើជាង១២ម៉ែត្រគូបបង្ក្រាបហើយ ប្រគល់ឱ្យមេឈ្មួញវិញ
ក្រុងក្រចេះ៖ ក្រោយផ្ទុះការរិះគន់ករណីយោធាកងវរសេនាតូចលេខ២២៧ បង្ក្រាបឈើប្រណិតប្រមាណជាង១២ម៉ែត្រគូប នៅស្រុកសំបូរ ហើយបានប្រគល់ឈើនោះទៅឱ្យមេឈ្មួញឈ្មោះ គាង ធា ដែលធ្លាប់អះអាងប្រាប់គេឯងថា មានជាប់សែស្រឡាយជាមួយភរិយាលោកអភិបាលខេត្តក្រចេះផងនោះ។ ពេលនេះ មេបញ្ជាការយោធាខេត្ត លោក ណៃ តឹងឡឹង ថ្លែងប្រាប់ថា ការប្រគល់ឱ្យវិញនោះ គឺលោកទទួលបទបញ្ជាពីថ្នាក់លើ ហើយក៏បានបញ្ជាបន្តទៅមន្ត្រីយោធាដែលបានចុះទោអនុវត្ត ក៏ព្រោះតែមានការបិណ្ឌបាតពីព្រះសង្ឃគង់នៅវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ…។ គេនៅចាំបានថា ឈើប្រមាណជាង១២ម៉ែត្រគូបជារបស់មេឈ្មួញជួញឈើដ៏ល្បីក្នុងទឹកដីខេត្តក្រចេះ ឈ្មោះ គាង ធា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដឹកជញ្ជូនយកឈើទាំងនោះទៅទុកនៅទីបញ្ជាការអនុសេនាធំទី៣។ កន្លះខែក្រោយមក ក៏ស្រាប់តែបែកធ្លាយលិខិត (កំណត់ហេតុប្រគល់ឈើ) ដែលមានចុះហត្ថលេខារបស់លោកវរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ២២៧ និងលោកមេបញ្ជាការអនុសេនាធំទី៣ ព្រិន្ទបាលទោ អ៊ុក គានឡុង ជាអ្នកប្រគល់ទៅឱ្យឈ្មោះ គាង ធា និងមនុស្សមួយចំនួន ធ្វើឱ្យមហាជនឆ្ងល់ថា ហេតុអ្វីមន្ត្រីយោធាចុះបង្ក្រាបឈើបានហើយ មិនប្រគល់ទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកគ្រប់គ្រងជំនួស បែរជាមានសិទ្ធិប្រគល់ឈើនោះដោយខ្លួនឯងទៅវិញ?
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការយោធាខេត្ត បានថ្លែងប្រាប់តាមទូរស័ព្ទនៅថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ករណីប្រគល់ឈើនោះ លោកធ្វើទៅតាមបទបញ្ជាថ្នាក់លើដែលបានដាក់បទបញ្ជាមកលោកផ្ទាល់។ លោកឧត្តមសេនីយ៍ទោ គូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីយោធា ការគោរពបទបញ្ជាថ្នាក់លើ គឺជារឿងសំខាន់បំផុត។ លោកបានទទួលបទបញ្ជាឱ្យមានការចុះបង្ក្រាបឈើខុសច្បាប់នោះ ហើយក៏បានដាក់បទបញ្ជាបន្តទៅមេបញ្ជាការកងវរសេនាតូចលេខ២២៧ គឺលោកវរសេនីយ៍ទោ លាត ញ៉ ឱ្យដឹកនាំកងកម្លាំងចុះប្រតិបត្តិការបង្ក្រាប ហើយនៅពេលមានបទបញ្ជាពីថ្នាក់លើឱ្យមានការប្រគល់ទៅឱ្យម្ចាស់ដើមវិញ ដ្បិតមានការបិណ្ឌបាតពីព្រះគ្រូចៅអធិការវត្តឥន្ទមុនីវ័ន លោកក៏បានបញ្ជាឱ្យមន្ត្រីយោធាដែលចុះបង្ក្រាបនោះ ធ្វើលិខិតប្រគល់វិញដូចគ្នា ដូច្នេះ បើចង់ដឹងរឿងរ៉ាវយ៉ាងណា សូមទាក់ទងទៅខាងភូមិភាគចុះ មន្ត្រីថ្នាក់ក្រោមបានត្រឹមតែអនុវត្តបទបញ្ជាថ្នាក់លើប៉ុណ្ណោះ។
ទោះយ៉ាងណា សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍មេបញ្ជាការយោធភូមិភាគ២បានទេ ។ គួរបញ្ជាក់ផងដែរថា ឈើប្រភេទ«ឈើក្រហម»ប្រមាណជាង១២ម៉ែត្រគូប មានម្ចាស់ឈ្មោះ គាង ធា ដែលមានទីលំនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនពីទីតាំងស្តុកឈើខុសច្បាប់ មុនកងកម្លាំងយោធាចុះបង្ក្រាបបានទៅដល់ ហាក់ដូចជាមានកូនក្រកហោះទៅខ្សឹបប្រាប់ដំណឹងមុន។ ឈ្មួញឧក្រិដ្ឋកម្មព្រៃឈើដ៏ល្បីនៅខេត្តក្រចេះរូបនេះ ត្រូវបានគេដឹងថា មានជាប់សែស្រឡាយសាច់ញាតិនឹងភរិយាលោកអភិបាលខេត្តក្រចេះ ដ្បិតជននេះតែងដើរប្រាប់គេឯងពេញទាំងខេត្ត ដូច្នេះហើយបានជាមេឈ្មួញជួញឈើដ៏ធំរូបនេះ ហាក់មិនមានសមត្ថកិច្ចណាម្នាក់ហ៊ានក្អកគ្រហែមដាក់ ឬហ៊ានចាប់ឡើយ។ តែបើមានអ្នកចាប់មែន ក៏ឈើទាំងនោះនៅជាប់ឃុំក្នុងដៃសមត្ថកិច្ចមិនបានយូរដែរ តែងតែមានវិធីដោះឈើទាំងនោះចេញទៅវិញបានដោយសុវត្ថិភាព។
មហាជនបង្ហាញការសោកស្ដាយជាខ្លាំង ដែលឈ្មួញឧក្រិដ្ឋកម្មព្រៃឈើរូបនេះ នៅតែអាចបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើយកទៅលក់ចែកចាយតាមបណ្តាខេត្ត និងឆ្លងដែនទៅលក់ឱ្យឈ្មួញវៀតណាមយ៉ាងរលូនស្ទើរតែរាល់ថ្ងៃ ខណៈមន្ត្រីជំនាញខ្លះបានត្រឹមអង្គុយដកដង្ហើមធំ សម្លឹងមើលការចរាចរណ៍ឈើយ៉ាងអនាធិបតេយ្យក្នុងដែនដីដែលខ្លួនគ្រប់គ្រង ព្រោះតែមិនហ៊ានប៉ះជាមួយមេឈ្មួញខ្នងក្រាសរូបនេះ…៕