រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លា..ប់១៧នាក់ របួសជាង៤០នាក់
នៅប្រទេសថៃកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តដឹកសិស្សមួយគ្រឿង បានក្រឡាប់ពេលចុះភ្នំ បណ្តាលឲ្យមនុស្សរហូតដល់ទៅ១៧នាក់ស្លាប់និងជាង៤០នាក់ទៀតរងរបួស។
ហេតុការណ៍នេះកើតឡើងនា ថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ លើភ្នំ Khao San Tone ក្នុងស្រុក Na Di នៃខេត្ត Prachin Buri។
តាមការចុះផ្សាយរបស់ Nation, រថយន្តនេះគឺជារថយន្តដឹកសិស្សចុះកម្មសិក្សា ដែលធ្វើដំណើរវិលមកពីស្រុក Phon Charoen នៃខេត្ត Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong វិញ ប៉ុន្តែវាបានជួបគ្រោះថ្នាក់លើផ្លូវហាយវ៉េលេខ៣០៤។
ភ្លាមៗ គេមិនទាន់បញ្ជាក់ថាតើសិស្សទាំងនេះមកពីសាលារៀនណានោះទេ ហើយប៉ូលិសក៏មិនទាន់ប្រាប់មូលហេតុដែលបណ្តាលឲ្យរថយន្តជួបគ្រោះថ្នាក់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចថៃបានបើកការស៊ើបអង្កេតហើយ ដើម្បីរកមូលហេតុពិតនៃគ្រោះថ្នាក់នេះ ដោយជាបឋមគេដាក់ការសង្ស័យចំនួន២ចំណុចថា ទី១អ្នកបើកបរងងុយដេក និងទី២ រថយន្តដាច់ហ្វ្រាំង៕