លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋាន អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពីវិធីសាស្រ្តសហការដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ទីក្រុងសេអ៊ូល ៖ លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពីវិធីសាស្រ្តសហការដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅទីក្រុងសេអ៊ូល ដែលរៀបចំឡើងដោយក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
បើយោងតាមលោក ថាច់ សុវណ្ណា គោលបំណងចម្បងនៃសិក្ខាសាលាអន្តរជាតិគឺដើម្បីប្រមូលផ្តុំអ្នកជំនាញ តំណាងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងវិស័យឯកជន ដើម្បីជំរុញភាពជាដៃគូ និងស្វែងរកគំរូច្នៃប្រឌិតសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់នេះ មានការចូលរួមពីអ្នកជំនាញ និងអ្នកអនុវត្តជំនាញដែលមានឯកទេសការប្រែប្រួលអាកាសធាតុ ព្រមទាំងស្ថាប័នផ្ដល់ហិរញ្ញប្បទានជាច្រើនរូប។ លោកបានឱ្យដឹងបន្ថែមទៀតថា អង្គសិក្ខាសាលា ក៏បានអនុញ្ញាតឱ្យបណ្តាប្រទេសដែលចូលរួមធ្វើការចែករំលែកបទពិសោធន៍ពីវិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង