ឯកឧត្តម ជា សុមេធី អញ្ជើញប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ ខេត្តព្រះសីហនុ

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តព្រះសីហនុ។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានចូលរួមអបអរសាទរជាមួយ លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃមូលនិធិជាតិជំនួយសង្គមខេត្ដព្រះសីហនុ និងបានធ្វើពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនៅពេលនេះ ដើម្បីដឹកនាំការងារបន្ដ បំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ដព្រះសីហនុ។
ការទទួលភារកិច្ចថ្មីនេះ គឺជាការរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង។ លើសពីនេះទៀត ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ ១៥ចំណុច ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នក្រសួងកំពុងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍នេះ ជាមួយអគ្គនាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទ។
ទន្ទឹមនឹងនេះក្រសួង បាននិងកំពុងរៀបចំការពិនិត្យ ឡើងវិញ ការវិភាគមុខងារ និងកែសម្រួលរចនា សម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់ របស់ខ្លួន កាន់តែឆ្លើយតបទាន់ពេល វេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការផ្តល់សេវា សង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច៕

អត្ថបទដែលជាប់ទាក់ទង