ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងឆ្នាំ២០២៤ មានដូចជា ការសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រេចបានជាង៩៥% ដែលនឹងបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន៥៨គ្រួសារ ។ ការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន៦៣លើក ស្មើចំនួន៩៤២គ្រួសារ ។ រួមទាំងការការអភិវឌ្ឍន៍លំនៅឋាន ផ្លូវថ្នល់ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក ដើម្បីជួយសម្រួលដល់រស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងមានការជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្ត បានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងបណ្ដា មន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន អង្ករ ១,៦២៥គីឡូក្រាម មី៦៥កេះ ត្រីខ៦៥យួរ ទឹកត្រី៦៥យួរ ទឹកស៊ីអ៉ីវ៦៥យួរ រួមជាមួយថវិការបស់ ឯកឧត្តម អភិបាលខេត្ត ចំនួន ៦,៥០០,០០០រៀល ជូន ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនពិការ ជួបការលំបាក ជីវភាព ចំនួន៦៥គ្រួសារ មកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ។