សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីប្រទះឃើញសា..កសពបុរសម្នាក់ ក្នុងវ៉ាលិស ប៉ុន្តែសាកសពមានសភាពស្អុយរលួយបាត់ទៅហើយ
ស្រុកកៀនស្វាយ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្នុងវ៉ាលិស កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចអះអាងថា ករណីនេះ ជាអំពើឃាតកម្ម … ។
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ លើកឡើងថា កម្លាំងជំនាញកំពុងបើកស្រាវជ្រាវ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា ប្រទះឃើញសាកសពបុរសម្នាក់សង្ស័យជាជនជាតិខ្មែរ ត្រូវបានក្រុមជនដៃដល់យកទៅប្លុងចោលក្បែរផ្លូវក្រវ៉ាត់ក្រុង រួមជាមួយដុំដែកផងដែរ។ ភ្លាមៗសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ។
លោកអធិការស្រុករូបនេះ បញ្ជាក់ថា ជុំវិញករណីនេះ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ជាអំពើឃាតកម្ម ហើយកម្លាំងជំនាញកំពុងស្វែងរកស្លាកស្នាមនៃការប្រព្រឹត្តនោះ ប៉ុន្តែសាកសពមានសភាពស្អុយរលួយបាត់ទៅហើយ ដោយសារការស្លាប់ច្រើនថ្ងៃ ដូច្នេះត្រូវការពេលច្រើនដើម្បីស្រាវជ្រាវ ៕