សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលាម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អ៊ឹចឹងខ្ញុំសូមលើកទឹកចិត្តអ្នកដែលចូលរួម ដើម្បីពិភាក្សាគ្នាឱ្យបានផុសផុស ទស្សនៈបងប្អូន គឺយើងស្វាគមន៍ ធាតុផ្សំនីមួយៗគឺយើងត្រូវជជែកគ្នា ជាប្រទេសរបស់យើងទាំងអស់គ្នា រដ្ឋាភិបាលគឺស្តាប់ប្រជាពលរដ្ឋ ស្តាប់អ្នកជំនាញដើម្បីរកវិធីដោះស្រាយ យើងស្តាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ យើងស្តាប់អ្នកជំនាញថាជួយគ្នាដោះយ៉ាងម៉េច?»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការឱ្យមានការចូលរួមពីគ្រប់វិស័យ មន្ត្រីរាជការពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ។ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមារហរណកម្ម នៃគោលគំនិតទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនានាឱ្យបានទាន់ពេលវេលាជាដើម។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង