លោក ហ៊ុន ម៉ានី ៖ ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ធ្លាប់កសាងស្នាដៃជូនជាតិ ដែលអ្នកជំនាន់ក្រោយ មិនត្រូវបំភ្លេច

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានលើកឡើងថា ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈវិស័យកីឡាពីអតីតកាល ដែលអ្នកជំនាន់ក្រោយ ត្រូវចងចាំនូវគូណបំណាច់នេះ មិនគួរបំភ្លេចឡើយ។
ការលើកឡើងនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានរៀបចំ និងចូលរួមពិធីពិសារអាហារសាមគ្គីក្រុមបាល់ទាត់វ័យចាស់ ២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា នៅរាត្រីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដោយលោកបានសម្ដែងនូវក្ដីសោមនស្សរីករាយជាខ្លាំង ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកគ្រូអ្នកគ្រូចាស់ព្រឹទ្ធចារ្យ អតីតកីឡាករ-កីឡាការិនីជម្រើសជាតិ តាំងពីជំនាន់សង្គមរាស្ដ្រនិយម។
ជាមួយស្នាមញញឹម និងសំលេងសើចក្អាកក្អាយ ដែលកើតមាននារាត្រីដើមសប្ដាហ៍ដ៏ស្រស់ត្រកាលនោះបានធ្វើលោក ហ៊ុន ម៉ានី មានអារម្មណ៍សប្បាយរីករាយជាមួយពិធីដ៏មានអត្ថន័យនេះ ហើយលោកក៏បានចាត់ទុកនេះ គឺជាសកម្មភាពមួយ ក្នុងនាមយុវជនជំនាន់ក្រោយ ដែលត្រូវតបស្នងដល់ការលះបង់ និងខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យទាំងអស់ ចំពោះជាតិមាតុភូមិ តាំងពីអតីតកាលកន្លងមក។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នកដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយរីករាយជូនពួកគាត់ គឺជាការតបស្នងចំពោះគុណបំណាច់ដែលលោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែលយើងមិនគួរបំភ្លេច»។
ជាមួយការរៀបចំនូវកម្មវិធីពិសារអាហារសាមគ្គី ដោយមានការចូលរួមពីចាស់ព្រឹទ្ធាចារ្យកីឡាខាងលើនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានចាត់ទុកជាការជួបជុំគ្នា និងជាឱកាស ដែលពួកគាត់បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំណាល សាកសួរទុក្ខគ្នាទៅវិញទៅមក ក្រោយខានជួបគ្នាមួយរយៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង