អគ្គនាយដ្ឋានពន្ធនាគារ ណែនាំនាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ត្រូវពង្រឹងសមត្ថភាពមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួន ដូចជា ៖ ត្រូវពង្រឹងសមត្ថភាពមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា (IT) បច្ចេកវិទ្យាឌីជីថល។
ការណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានីខេត្ត នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក មានប្រសាសន៍ថា «ត្រូវមានការគិតគូទុកជាមុនអំពីបញ្ហាដែលអាចកើតឡើង នាពេលខាងមុខ គឺបញ្ហាអាកាសធាតុ នៅរដូវក្តៅដែលនាំឲ្យមានការរាំងស្ងួត កង្វះទឹកប្រើប្រាស់ និងកើតមានជំងឺផ្សេងៗ» និងបានផ្តល់អនុសាសន៍ណែនាំ ដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួន ដូចខាងក្រោម៖
១-ត្រូវពង្រឹងសមត្ថភាពមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា(IT) បច្ចេកវិទ្យាឌីជីថល។
២-ត្រូវធ្វើការសហការឲ្យបានល្អជាមួយរដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំគម្រោង និងផែនការការពារសន្តិសុខសុវត្ថិភាពពន្ធនាគារ។
៣-បន្តពង្រឹងត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ ជាពិសេស (ទូរស័ព្ទដៃ គ្រឿងញៀន) និងបោសសំអាត កាត់បន្ថយសម្ភារៈណាមិនចាំបាច់នៅក្នុងបន្ទប់ឃុំ។
៤-ត្រូវយកចិត្តទុកដាក់ផ្លាស់ប្តូររបបអាហារជនជាប់ឃុំឱ្យបានញឹកញាប់ ធានាឲ្យមានគុណភាព និងបរិមាណគ្រប់គ្រាន់។
៥-បន្តជំរុញអនុវត្តកម្មវិធីអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីរបស់អង្គភាពផ្ទាល់ និងបន្តកិច្ចសហការជាមួយដៃគូ អនុវត្តកម្មវិធីដែលមានស្រាប់ និងស្វែងរកការគាំទ្រកម្មវិធីថ្មីៗ។
៦-សូមបន្តធ្វើការជំរុញដល់មន្រ្តីពន្ធនាគារ ធ្វើសមយុទ្ធ និងហ្វឹកហាត់ជាប្រចាំ ៕

អត្ថបទដែលជាប់ទាក់ទង