ឧបនាយករដ្ឋមន្រ្តី ស សុខា ជំរុញឱ្យបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របតាមចំណេះ និងជំនាញតាមបណ្ដាអង្គភាព។
ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រ្តីគ្រប់រូប” ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណដំណាក់ទី១ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច ជាពិសេសឯឧលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន ៖ វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តី ដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។
ពីវេទិកាអន្តរជាតិនារី ខួបលើកទី១១៤ នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា បើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួង មានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រីបន្ថែមទៀត ក្នុងវិស័យសុីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលោកទឹកចិត្ត។
ឯកឧត្តម បានបន្ថែមថា «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច ២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។
ក្នុងឱកាសនោះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានលើកឡើងថា យុទ្ធនាការអន្តរជាតិ ៨មីនា ជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្ដីពីសិទ្ធិស្ដ្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ១៩៧៧។
លោកជំទាវបន្ថែមថា «ជារៀងរាល់ឆ្នាំព្រះរាជណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាងអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ជាំងអំពីវឌ្ឍភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្ដេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើលកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រួប»។
ចំណែកលោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី ថ្លែងថា កម្ពុជាបានដាក់ចេញនូវវិធានការពិសេស និងបណ្ដុះអាសន្ននានាក្នុងការលើកកម្ពស់តួនាទីស្ដ្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះការតែតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេស និងនយោបាយនៅតាមក្រសួងស្ថាប័ន បានកំណត់យ៉ាងតិច ១រូប និងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូទាំងប្រទេសផងដែរ។
លោកជំទាវ មានប្រសាសន៍ទៀតថា គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ត្រូវតែរួមគ្នាបន្តដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់សំដៅរួមជាសហថាមពលដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងអនុវត្តសិទ្ធិបានពេញលេញ ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើតភាពអង់អាចចំពោះស្ដ្រី៕