អ្នកនាំពាក្យក្រសួងសាធារណការ ៖ អំពាវនាវដល់នគរបាលចរាចរណ៍តាមដងផ្លូវ មានវិធានការឃាត់ទុករថយន្តដែលមានភិនភាគ(ដូចរូប)ផ្ទៀងផ្ទាត់ឯកសារ និងមានវិធានការតាមច្បាប់
ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នា ករណីរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ផ្លាកលេខ ខេត្តកណ្តាល 2A-4432 កែច្នៃខុសលក្ខណៈបច្ចេកទេសធ្ងន់ធ្ងរ ដោយប្តូរពណ៌ កែកង់ក្រោយ ដាក់ទ្រុងដ៏វែង ដឹកអីវ៉ាន់សំពីងសំពោង រហូតមានបញ្ហាលើដងផ្លូវ ឈានដល់មានការវែកញែក និងបាញ់ឆ្ពោះមកលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)ដែលជាសេវារដ្ឋ ស្ថិតក្រោមការគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ករណីនេះ សូមជម្រាបជូនថា យោងតាមការផ្ទៀងផ្ទាត់ទិន្នន័យឆៀក រថយន្តខាងលើបានចូលឆៀកចុងក្រោយនៅមណ្ឌលឆៀកខេត្តកំពង់ស្ពឺ(ដូចមានរូបភាពភ្ជាប់ជាមួយ)នៅថ្ងៃទី ២២/០៦/២០២២ និងហួសសុពលភាពឆៀកតាំងពីថ្ងៃទី២២/០៦/២០២៣មកម្លេះ។
នៅឆ្នាំបន្តបន្ទាប់ ម្ចាស់រថយន្ត មិនដែលយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀតឡើយមកទល់ពេលនេះ(ឆៀក១ឆ្នាំម្តង)។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ សូមអំពាវនាវដល់នគរបាលចរាចរណ៍ផ្លូវគោកតាមដងផ្លូវមានវិធានការដោយចាប់ឃាត់ទុក រថយន្តដែលមានភិនភាគ(ដូចរូប)ផ្ទៀងផ្ទាត់ឯកសារ និងមានវិធានការតាមច្បាប់ ព្រោះរថយន្តនេះ ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច មិនមែនជាប្រភេទរថយន្តដឹកទំនិញឡើយ៕