លោកក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យការអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
នៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការចាប់ផ្តើមអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា បានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ មានដូចជា៖ ១)ជួសជុលទំនប់អាងទឹកសួង៧៨ ប្រវែង ៤៨០០ម៉ែត្រ និង ២)ជួសជុលសំណង់សិល្បការ្យ ចំនួន ៧កន្លែង។
លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣២៥ហិកតា រដូវប្រាំងចំនួន ២២៣១ហិកតា និងដំណាំរួមផ្សំ ៣០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕