សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ
(កំពង់ស្ពឺ)៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។
បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា «មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ខ្ញុំបានសម្រេច៖
១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖
* សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ
* សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវា ជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។
* សិក្សាធ្វើអោយប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់ នៅតំបន់ជើងភ្នំផងដែរ។
២៖ ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការសម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។
ទាំងនេះនឹងអាចចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ»៕