ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ ក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក ដោយធ្វើដំណើរជិះកង់ចេញពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក
មណ្ឌលគិរី ៖ លោក ងិន សុវិមាន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក (Audax Club Cambodia Randonners) ដោយធ្វើដំណើរជិះកង់ប្រើសមត្ថភាពផ្ទាល់ខ្លួន ចម្ងាយជាង ៤០០គីឡូម៉ែត្រ ចេញពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក ដែលប្រព្រឹត្តទៅនៅរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ នាថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥.
លោក ងិន សុវិមាន អភិបាលរងខេត្ត បានស្វាគមន៍ចំពោះក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក ដែលបានជិះកង់ចំងាយឆ្ងាយ ដោយប្រើសមត្ថភាពផ្ទាល់ខ្លួនជាង ៤០០គីឡូម៉ែត្រ ចេញពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ លោក បញ្ជាក់ថា ខេត្តមណ្ឌលគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ មានវាលស្មៅដ៏ស្រស់ស្អាត និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទស្សនាកម្សាន្តសប្បាយផងដែរ។ លោក បន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។
តំណាង ក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក បានឲ្យដឹងថា គោលបំណង ដែលក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក (Audax Club Cambodia Randonners) តំណាងឱ្យក្លឹបអ្នកជិះកង់ពិភពលោកដែលមានឈ្មោះថា AUDAX PARISIEN RANDONNEUR បង្កើតឡើងតាំងពីឆ្នាំ១៩០៤ និង មានទីស្នាក់ការធំនៅទីក្រុងប៉ារីសប្រទេសបារាំង និងមានសមាជិកជាងមួយរយប្រទេស នៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសសមាជិកភាពមួយផងដែរ។ ចាប់ផ្ដើមពីកិច្ចសហការគ្នារវាងអត្តពលិកអ្នក ស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមបានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ចម្រុះរួមគ្នាមួយឡើងដែលព្រឹត្តិការណ៍នេះ មានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ៤០០គីឡូម៉ែត្រ ដោយធ្វើដំណើរពី (រាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ-ខេត្តមណ្ឌលគិរី) ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡា និងទេសចរណ៍ សន្តិភាពសន្តិសុខ និងរីករាយទិវានារីអន្តរជាតិ ខួបលើកទី១១៤(International Women’sDay) និងថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកកម្ពុជាស្អាតខ្មែរធ្វើបានឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE”។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានបំពាក់មេដាយដល់ក្រុមកីឡាដែលជិះកង់ ដល់មុនម៉ោងកំណត់ និងលើកស្ទួយផ្សព្វផ្សាយទេសចរណ៍ខេត្តមណ្ឌលគិរី ទៅកាន់ពិភពលោក ក្នុងគោលដៅទាក់ទាញវិស័យទេសចរណ៍ជាតិ និងអន្តរជាតិអោយមកទស្សនាខេត្តកាន់តែច្រើនផងដែរ៕