មនុស្ស៥ នាក់បានស្លា..ប់ និង១៣ នាក់បានរងរបួស នៅក្នុងការវាយប្រហារចំនួនពីរនៅខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងរបស់ប្រទេសថៃ

បាងកក៖ ប៉ូលិសថៃបានប្រកាសកាលពីថ្ងៃអាទិត្យទី៩ ខែមីនាថា មនុស្ស៥ នាក់បានស្លាប់ និង១៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរនៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ភាគខាងត្បូងរបស់ប្រទេសថៃ ដោយលោកស្រីនាយករដ្ឋមន្ត្រី ផែថងថន ស៊ីណាវ៉ាត្រា ប្តេជ្ញារឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។
ក្រុមអ្នកវាយប្រហារជាង១០ នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនម៉ាឡេស៊ី-ថៃ នៅម៉ោងប្រហែល៧ យប់ថ្ងៃសៅរ៍ទី៨ ខែមីនា។ ប៉ូលិសខេត្តណារ៉ាធីវ៉ាត់ បានឱ្យដឹងថា ក្រុមវាយប្រហារក៏បានគប់គ្រឿងផ្ទុះនិងបំផ្ទុះគ្រាប់បែកនៅក្នុងការវាយប្រហារមួយដែលបានសម្លាប់អ្នកស្ម័គ្រចិត្ត ការពារពីរនាក់ដែលយាមការិយាល័យ និង១២ នាក់ផ្សេងទៀតរងរបួសរួមទាំងជនស៊ីវិល៤ នាក់ផងដែរ។ នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅក្នុងខេត្តប៉ាតានីជិតខាងកាលពីយប់ថ្ងៃសៅរ៍ ការបំផ្ទុះនៅតាមដងផ្លូវបានសម្លាប់មនុស្សបីនាក់។ មនុស្សម្នាក់ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងនៅម៉ោងប្រហែល១១ យប់នៅក្នុងស្រុក Saiburi។
លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ចំនួនកងកម្លាំងសន្តិសុខនៅភាគខាងត្បូងធ្វើការវេនយប់នឹងត្រូវបានបង្កើន បន្ទាប់ពីការវាយប្រហារនេះ។ លោកស្រីលើកឡើងថា ការវាយប្រហារបែបនេះជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សាធារណៈ ដែលធ្វើឱ្យវាមានសារសំខាន់ក្នុងការរឹតបន្តឹងសន្តិសុខ។ លោកស្រីនាយករដ្ឋមន្ត្រីបានធានាថា គ្រួសារអ្នកស្លាប់ ឬរបួសនឹងទទួលបានសំណងពេញលេញពីរាចរដ្ឋាភិបាល។ លោកស្រីក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
ការវាយប្រហារទាំងអស់បានកើតឡើងក្នុងអំឡុងបុណ្យរ៉ាម៉ាដាន ហើយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅកាន់ខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី និងយ៉ាឡា កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅពេលដែលលោករំពឹងថានឹងមានការរីកចម្រើនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភាពចលាចលនៅភាគខាងត្បូង។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ថាក់ស៊ីន ទៅកាន់តំបន់ដែលមានបញ្ហាក្នុងរយៈពេលជិតពីរទសវត្សរ៍ ហើយបានធ្វើជាទីប្រឹក្សាកិច្ចការអាស៊ានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ជម្លោះបានផ្ទុះឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃចាប់តាំងពីឆ្នាំ២០០៤ ដោយបានសម្លាប់មនុស្សជាង៧០០០ នាក់ ខណៈដែលក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមកំពុងប្រយុទ្ធដើម្បីស្វយ័តភាពកាន់តែខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង