ជនស..ង្ស័យម្នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចគ្រឿងសង្ហារឹមរបស់ប្រជាពលរដ្ឋ រួចយកទៅលក់ បានលុយយកទៅទិញអីហូប និងទិញថ្នាំញៀនជក់អស់ ញ៉ាមមកអើតឡឺមរកធ្វើសកម្មភាពម្តងទៀត
ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះជនរងគ្រោះទុកចោល ដែលមានទីតាំងស្ថិតនៅក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ។
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចគ្រឿងសង្ហារឹមរបស់បងប្អូនប្រជាពលរដ្ឋ រួចយកទៅលក់ បានលុយយកទៅទិញអីហូប និងទិញថ្នាំញៀនជក់អស់ ញ៉ាមមកអើតឡឺមរកធ្វើសកម្មភាពម្តងទៀត ជាប់ខ្នោះរបស់សមត្ថកិច្ចតែម្តង។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អែម រិទ្ធី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ។ ចំណែកជនរងគ្រោះមានឈ្មោះ សំ សឿន ភេទប្រុស អាយុ៦៩ ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ និងបានទៅរស់នៅប្រទេសកាន់ណាដា ។
មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន បានធ្វើការចេញល្បាតតាមមូលដ្ឋានសង្កាត់របស់ខ្លួន មកដល់ចំណុចផ្ទះទុកចោលមួយកន្លែងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ឃើញជនសង្ស័យឈ្មោះអែម រិទ្ធី កំពុងឈរអើតឡឺម នៅមុខផ្ទះរបស់ជនរងគ្រោះ ពេលនោះសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅមកសួរនាំនៅប៉ុស្តិ៍ដើមមៀនតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង០៨និង៣០នាទី ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកគ្រឿងសង្ហារឹម របស់ជនរងគ្រោះដែលបានរៀបរាប់ជូនខាងលើ ទៅលក់ឲ្យគេនៅសង្កាត់ចាក់អង្រែលើ បានលុយយកទៅទិញអីហូបនិងទិញថ្នាំញៀនជក់ ប្រាកដមែន។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖ គ្រែប្រអប់ធ្វើអំពីឈើ០១ ,តុបាយ(មូល)០១, កៅអីឈើចំនួន០២ , ក្តារបន្ទះចំនួន០២ ទូកញ្ចក់០១។
ពេលនេះជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់ ៕