ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំ និងសម្របសម្រួលជំនួបពិភាក្សាការងារជាមួយតំណាងអង្គការវ័តធឺអេត (WaterAid)
នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលពិភាក្សាការងារជាមួយតំណាងអង្គការវ័តធឺអេត (WaterAid)។
សូមជម្រាបថា ជំនួបពិភាក្សាការងារនេះមានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល នាយកដ្ឋានឧតុនិយម នាយកដ្ឋានជលសាស្រ្តនិងការងារទន្លេ នាយកដ្ឋានគ្រប់គ្រងនិងអភិរក្សធនធានទឹក និងមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង ព្រមទាំងតំណាងអង្គការវ័តធឺអេតដឹកនាំដោយលោក ស៊ូ សុខគង់ នាយកកម្មវិធីទឹកស្អាតនិងអនាម័យ និងសហការី សរុបចំនួន ១៣នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សាការងារនាពេលនេះ គឺដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្ររបស់អង្គការវ័តធឺអេត និងផ្តល់អនុសាសន៍សម្រាប់ទិសដៅអនុវត្តកម្មវិធីទឹកស្អាត អនាម័យ និងការគ្រប់គ្រងធនធានទឹកនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់អង្គការវ័តធឺអេត ផ្តោតលើមានចំនួនបួនគឺ៖ ទី១)ការពង្រឹងវិស័យទឹកស្អាត និងអនាម័យជាសាកល ទី២)ការពង្រឹងទឹកស្អាត និងអនាម័យសម្រាប់សុខភាព និងសុខាភិបាល ទី៣)ការពង្រឹងសន្តិសុខទឹក និងការទទួលបានទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងទី៤)ការពង្រឹងទឹកស្អាត និងអនាម័យប្រកបដោយ សមធម៌ និងបរិយាបន្ន។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការវ័តធឺអេត លើវិស័យធនធានទឹក ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកលើកកម្ពស់វិស័យគ្រប់គ្រងធនធានទឹក សន្តិសុខទឹក និងការទទួលបានទឹកស្អាតដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា៕