ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៣ អាណត្តិទី១ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៣ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
របៀបវារៈទី១. សេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
សេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យលើសមិទ្ធផលដែល អ.ស.ហ. បានអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងសម្រាប់ជាធាតុចូលក្នុងការកំណត់ភាពខ្លាំង និងភាពខ្សោយ ក្នុងការលើកទិសដៅការងារក្នុងឆ្នាំបន្ទាប់ សំដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ឆ្លងកាត់បទពិសោធន៍ប្រមាណ ៣ ឆ្នាំនៃការរៀបចំរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំរបស់ អ.ស.ហ. ដោយផ្សារភ្ជាប់ជាមួយនឹងយន្តការតាមដាន និងវាយតម្លៃ, ខ្លឹមសារនៃរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. នេះ ត្រូវបានរៀបចំប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមប្រឹក្សា អ.ស.ហ. ។ សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានបែងចែកជា ៣ ផ្នែកធំៗ ពោលគឺ ផ្នែកទី១៖ សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ជារួម, ផ្នែកទី២៖ សមិទ្ធផលឆ្នាំ២០២៤ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. និង ផ្នែកទី៣៖ តារាងម៉ាទ្រីកនៃសមិទ្ធផលឆ្នាំ២០២៤ របស់ អ.ស.ហ., ការងារក្រៅទិសដៅឆ្នាំ២០២៤ របស់ អ.ស.ហ. និងទិសដៅការងារឆ្នាំ២០២៥។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍នៅលើសេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ជាមួយនឹងការណែនាំឱ្យកែសម្រួលបន្ថែមទៅតាមអនុសាសន៍របស់អង្គប្រជុំដែលបានលើកឡើង និងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី២. របាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ អ.ស.ហ. ត្រូវបានរៀបចំ ស្របតាមការចង្អុលបង្ហាញ និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្កិសិទ្ធភាព គណនេយ្យភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ប្រភពធនធានរបស់ អ.ស.ហ. នៅវដ្តថវិកាទាំងមូល។ របាយការណ៍នេះបានរួមបញ្ចូលនូវការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ។ ផ្អែកតាមលទ្ធផលនៃការបូកសរុបការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ បានបង្ហាញថា និយ័តករក្រោមឱវាទ អ.ស.ហ. បានខិតខំអនុវត្តការប្រមូលចំណូលទៅតាមអនុវិស័យរបស់ខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ជាមួយគ្នានេះ, អង្គភាពក្រោមឱវាទ អ.ស.ហ. ក៏បានធ្វើវិចារណកម្មចំណាយរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។ ការណ៍នេះបានបង្ហាញឱ្យឃើញថា ការអនុវត្តថវិកាក្នុងក្របខណ្ឌ អ.ស.ហ. បាននិងកំពុងផ្លាស់ប្តូរកាន់តែប្រសើរឡើង ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ការអនុវត្តថវិកា និងការតាមដានការអនុវត្តថវិកា ដើម្បីឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានកត់សម្គាល់ (Take-note)នូវរបាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ ព្រមទាំងណែនាំអង្គភាពក្រោមឱវាទ អ.ស.ហ. បន្តយកចិត្តទុកដាក់លើការងារពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តបន្ថែមទៀត ឱ្យសម្រេចលទ្ធផលតាមការគ្រោងទុក សម្រាប់ឆ្នាំ២០២៥។