ក្រសួងធនធានទឹក និងឧតុនិយម រាយការណ៍ពីសកម្មភាពការងារបន្តអន្តរាគមន៍បូមទឹកជួយស្រោចស្រពស្រូវរដូវប្រាំងប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស

នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីសកម្មភាពការងារបន្តអន្តរាគមន៍បូមទឹកជួយស្រោចស្រពស្រូវរដូវប្រាំងប្រជាកសិករនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងខេត្តចំនួន ៣គឺខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តកណ្តាល។

បើតាមរបាយការណ៍បានឱ្យដឹងថា នៅទូទាំងខេត្តកំពង់ឆ្នាំងមានផែនការដាំដុះស្រូវប្រាំងចំនួន ៣៧៧០០ហិកតា ជាក់ស្ដែង ផ្ទៃដីស្រូវប្រាំងអនុវត្តបានចំនួន ៥៩៨១០ហិកតា ក្នុងនោះផ្ទៃដីត្រូវអន្តរាគមន៍មានចំនួន ១០៤៥ហិកតា គិតមកដល់ថ្ងៃនេះ ក្រុមការងារអន្តរាគមន៍ជួយសង្គ្រោះបានចំនួន ៦៦៥ហិកតា នៅសល់ ៣៨០ហិកតាទៀតកំពុងបន្តជួយសង្គ្រោះ។ ចំណែក ខេត្តក្រចេះ និងខេត្តកណ្តាល ក្រុមការងារកំពុងបន្តជួយបូមទឹកជូនបងប្អូនប្រជាកសិករជាលើកទី២។

របាយការណ៍បញ្ជាក់ថា ក្នុងក្របខ័ណទូទាំងប្រទេស ផែនការធ្វើស្រូវប្រាំងសរុបចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩២៧៥៣ហិកតា៕

អត្ថបទដែលជាប់ទាក់ទង