២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជា នាំចេញអង្ករបានជាង ១៣ម៉ឺនតោន ទទួលបានចំណូលជាង ១០០លានដុល្លារ
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។
យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១»។
ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៦ ៥០០ តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ បានចំនួន ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨៦.០៣% ប្រភេទអង្ករស ធម្មតា ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦% ។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២ លានដុល្លារសហរដ្ឋអាមេរិក ៕