បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកជាង ១៨ម៉ឺននាក់ កំពុងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី សច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទិ្ធរៀមច្បងជំនាន់ទី៧ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីសំណាក់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង សមាជិកនៃកាយរឹទិ្ធជាតិកម្ពុជា។
បន្ទាប់ពីស្ដាប់របាយការណ៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ និងជាមេកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកាយរឹទិ្ធជាតិកម្ពុជា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងទាំងអស់ ដែលបានយកចិត្តទុកដាក់លើការពង្រីកសមាជិកភាព ក៏ដូចជាការងារអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជា និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់ក្មួយៗ នវកាយរឹទិ្ធរៀមច្បង ៣០០នាក់ ដែលត្រូវធើ្វពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់កាយរឹទ្ធិជាតិកម្ពុជានាពេលនេះ។
បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ។ ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។
ដើម្បីសម្រេចបានកំណើនសមាជិកភាពស្របតាមផែនការយុទ្ធសាស្រ្តកាយរឹទិ្ធជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨ និងពង្រឹកគុណភាពអប់រំបែបកាយរឹទិ្ធកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំ និងអនុសាសន៍លើការងារអាទិភាព ដូចតទៅ៖
(១) សាកលវិទ្យាល័យជាតិគ្រប់គ្រង និងនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ បង្កើនកិច្ចសហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីបង្កើតកម្មវិធី និងព្រឹត្តិការណ៍កាយរឹទិ្ធនានា គាំទ្រដល់ការស្រាវជ្រាវរបស់និស្សិត ដូចជា ការបោះជំរំ ការប្រកួតប្រជែងគម្រោង កម្មវិធីអ្នកនាំសារសន្តិភាព និងកាយរឹទិ្ធថ្មើរព្រៃនៅតាមសហគមន៍
(២) សាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាលទ្ធភាពរៀបចំក្រុមភ្លេងកាយរឹទិ្ធរៀមច្បង និងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦
(៣) សាកលវិទ្យាល័យជាតិគ្រប់គ្រង និងនាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ បន្តពង្រឹងប្រព័ន្ធកងល្បាត និងផ្តល់បណ្ណវឌ្ឍនកម្មកាយរឹទិ្ធរៀមច្បង ដើម្បីលើកទឹកចិត្តដល់និស្សិតចូលរួមការងារសហគមន៍។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាកាយរឹទិ្ធជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាថ្មីម្ដងទៀតបានវាយតម្លៃខ្ពស់ចំពោះពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិរៀមច្បងនាថ្ងៃនេះ ដែលពិតជាបានឆ្លើយតបទៅនឹងខ្លឹមសារកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់យុវជនកម្ពុជាគ្រប់រូប ត្រូវចូលរួមអនុវត្តគម្រោង និងសកម្មភាពនានាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ព្រមទាំងគូសបញ្ជាក់ថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុង កម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅក្នុងស្តង់ដាសាសារៀនគំរូ៕

អត្ថបទដែលជាប់ទាក់ទង