មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យវារីវប្បកម្មកម្ពុជា នាថ្ងៃទី១១ មីនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយវាវីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង ។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង។
កម្មវិធីនេះមានការចូលរួម អមដំណើរពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យវារីវប្បកម្មកម្ពុជា ឯកឧត្តម ទឹម បូរក្ស លោកជំទាវ អ៊ឹម រចនា លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ រួមជាមួយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោកអភិបាលស្រុកពាមរក៏ នាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល ប្រធានសមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា ប្រធានសមាគមន៍វារីវប្បកម្មកម្ពុជា វារីវប្បករ ក្រុមបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ដែលសរុបអ្នកចូលរួមចំនួនជិត១០០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហាស់ សារ៉េត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ដល់អ្នកចូលរួមទាំងអស់។ បន្ទាប់មកឯកឧត្ដមបានអនុញ្ញាតឱ្យវារីវប្បករលើកឡើង ពីបញ្ហាប្រឈមនានានៅក្នុងការប្រកបរបរចិញ្ចឹមត្រីគ្រប់ប្រភេទ កង្កែប ហើយក្រសួងកសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួមជួយដោះស្រាយបញ្ហាប្រឈមទាំងនោះជូនបងប្អូនវារីវប្បករ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះ មានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់មកស្តាប់ ដើម្បីដោះស្រាយ ពង្រឹងការងារវារីវប្បកម្មឱ្យបានល្អប្រសើរ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងសេដ្ឋកិច្ចសង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់វារីវប្បករទាំងអស់ ពីចំណុចសំខាន់ៗ ដើម្បីឱ្យការចិញ្ចឹមត្រីបានល្អល្គឹកណាអនុវត្តន៍តាមគោលការណ៍មួយចំនួនរួមមាន៖ ទី១.រើសកូនពូជត្រីល្អ ២.ផ្តល់នូវចំណីល្អ ៣. គុណភាពទឹកល្អសម្រាប់ការចិញ្ចឹមត្រី និងទី៤.ហេដ្ឋារចនាសម័្ពនស្រះមានការរៀបចំល្អ ដែលទាំង៤ចំណុចនេះ នាំឱ្យត្រីមានគុណភាពល្អ ងាយស្រួលក្នុងការលក់ចេញ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បញ្ហាសំខាន់ចំពោះមុខនៃកិច្ចពិភាក្សានៅពេលនេះ គឺដោះស្រាយបញ្ហារកទីផ្សារត្រីតាមសំណូមពរវារីវប្បករ និងបានស្នើដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល សម្របសម្រួល តម្រង់ទិស ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគោលនយោបាយកសិកម្ម គិតគូរសុខទុក្ខរបស់ពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារជំនាញទាំងអស់ បានបន្តចុះទៅពិនិត្យដល់ទីតាំងកសិដ្ឋានចិញ្ចឹមត្រី ដែលខណៈនោះសមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា និងវារីវប្បករ បានជួប និងបានស្គាល់គ្នាទំនាក់ទំនង ចចារការទិញ និងលក់ដែលនឹងចាប់ធ្វើពីពេលនេះ ។ ចុងក្រោយឯកឧត្តមស្នើឱ្យពិនិត្យលទ្ធភាព សិក្សារៀបចំចងក្រងសហគមន៍វារីវប្បកម្ម ក្រុមបណ្ដុំអាជីវកម្មនៅក្នុងតំបន់នេះ នាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង