ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ «ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នផងដែរ។
សិក្ខាសាលាដ៏មានអត្ថន័យនាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ សរុបចំនួនប្រមាណ ៣៥០នាក់។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូនអង្គសិក្ខាសាលាថា “ដោយអនុវត្តតាមសេចក្តីណែនាំ និងសារាចររបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីគាំទ្រដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយធ្វើការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងទេសចរណ៍។ ជាលទ្ធផលក្រសួងបានកំណត់មុខងារគោលចំនួន៣ រួមមាន៖ ទី១.គ្រប់គ្រងវិស័យទេសចរណ៍, ទី២.ដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទី៣.សេវាគាំទ្រដំណើរការទូទៅវិស័យទេសចរណ៍។ ព្រមទាំងកំណត់មុខងារគាំទ្រ ចំនួន១៨ និងមុខងារជំនាញ ចំនួន៣២។”
សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។
ស្ថិតក្នុងកាលានុវត្តភាពនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឈានទៅរកឱ្យឃើញពីសក្តានុពលក្នុងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព និងឈានឆ្ពោះទៅរកបញ្ហាប្រឈម និងដំណោះស្រាយត្រួតស៊ីគ្នា ប្រកបដោយតម្លាភាព សមភាព និងស័ក្តិសិទ្ធិភាពចំពោះការកែទម្រង់ដ៏ស៊ីជម្រៅឱ្យស្របតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់ ដែលការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

អត្ថបទដែលជាប់ទាក់ទង