យោធាប៉ាគីស្ថាន បិទបញ្ចប់ករណីប្លន់រថភ្លើងដឹកអ្នកដំណើរ ក្រោយផ្តាច់ជីវិតជនសកម្មប្រយុទ្ធ៣៣នាក់ ប៉ុន្តែចំណាប់ខ្មាំង២១នាក់ និងទាហាន៤នាក់ បានស្លា..ប់
(អ៉ីស្លាម៉ាបាដ)៖ យោធានៃប្រទេសប៉ាគីស្ថានបានឱ្យដឹងថា កងកម្លាំងសន្តិសុខ បានសម្រុកចូលរថភ្លើងដឹកអ្នកដំណើរមួយខ្សែ ដែលត្រូវបានប្លន់ដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ហើយបានសម្លាប់ខ្មាន់កាំភ្លើងទាំងអស់គឺ៣៣នាក់ ខណៈប្រការនេះបិទបញ្ចប់ការប្រឈមមុខគ្នាជាង១ថ្ងៃ ដែលមនុស្សរាប់រយនាក់នៅលើនោះ បានក្លាយជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន Baloch Liberation Army ហៅកាត់ BLA បានបំផ្ទុះផ្តាច់កំណាត់ផ្លូវដែក ហើយបាញ់រ៉ុក្កែតសំដៅមកលើ រថភ្លើង Jaffar Express នៅពេលដែលរថភ្លើងនោះ កំពុងធ្វើដំណើរពីទីក្រុង Quetta នៃខេត្ត Balochistan ឆ្ពោះទៅទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ដោយមានដឹកមនុស្សសរុប៤៤០នាក់។ បើតាមយោធាប៉ាគីស្ថាន អំឡុងការប្រឈមមុខគ្នា ចំណាប់ខ្មាំង២១នាក់ និងសមាជិកកងកម្លាំងសន្តិសុខ៤នាក់ បានស្លាប់។ ក្រុម BLA ដែលចូលគ្រប់គ្រងរថភ្លើង បានគំរាមប្រហារជីវិត ចំណាប់ខ្មាំងម្តងមួយៗ ដោយទុកពេល៤៨ម៉ោង ឱ្យអាជ្ញាធរដោះលែងអ្នកទោសនយោបាយ សកម្មជន ក៏ដូចជាអ្នកបាត់ខ្លួន ដែលពួកគេអះអាងថា ត្រូវបានយោធាចាប់យកទៅ។
គួរបញ្ជាក់ថា ក្រុម BLA គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចធំជាងគេបង្អស់ ដែលប្រយុទ្ធតស៊ូប្រឆាំងរដ្ឋាភិបាលនៅក្នុងខេត្ត Balochistan ដែលស្ថិតជាប់ព្រំប្រទល់ ជាមួយប្រទេសអាហ្វហ្កានីស្ថាន និងអ៉ីរ៉ង់។ ប៉ុន្មានខែមកនេះ ក្រុមសកម្មប្រយុទ្ធនេះ បានបង្កើនសកម្មភាពរបស់ខ្លួន ដោយប្រើប្រាស់វិធីសាស្រ្តថ្មីៗ ដើម្បីបង្កឱ្យមាន តួលេខអ្នកស្លាប់និងរបួសខ្ពស់ៗ ហើយកំណត់គោលដៅលើយោធាប៉ាគីស្ថាន។ ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច Baloch អះអាងថា ពួកគេបានបន្តប្រយុទ្ធតស៊ូ ដើម្បីអាចទទួលបានចំណែកធំជាងមុនដោយយុត្តិធម៌ នូវទ្រព្យសម្បត្តិនៃធនធានរ៉ែក្នុងតំបន់ ដែលត្រូវបានបដិសេធដោយរដ្ឋាភិបាលកណ្តាល៕