ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
ភ្នំពេញ៖ ក្នុងសប្តាហ៍នេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន២ បន្ថែមរួមមាន៖ ១)ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ២)ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនីមួយៗ ដឹកនាំប្រជុំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។
កិច្ចប្រជុំនីមួយៗ ក្រៅពីក្រសួង ស្ថាប័នសាមី ក៏ទទួលបានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ដែលមានមុខងារ និងតួនាទីភារកិច្ចប្រហាក់ប្រហែល ប្រទាក់ក្រឡាគ្នា និងអង្គភាពដែលមានភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្វែងរកធាតុចូល ធ្វើយ៉ាងណាធានាកែលម្អភាពត្រួតស៊ីគ្នានៃមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយធានាឱ្យការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នទាំងអស់ អនុលោមយុទ្ធសាស្ត្របញ្ចកោណ និងស្របតាមអភិក្រមរបស់រាជរដ្ឋាបាលនីតិកាលទី៧ នៃរដ្ឋសភា «រៀបចំផ្ទះ ឱរៀបរយ» ពោលគឺរៀបចំក្នុងប្រព័ន្ធជវភាពតួអង្គតែមួយ និង «ពង្រឹង ជាជាងពង្រីក» ៕