រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់អង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ នៃវិស័យអប់រំ និងវិស័យសុខាភិបាល

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីដង្ហែរក្បួនអបអរសាទរដល់អង្គភាពជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ នៃវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានទទួលជ័យលាភីពីការប្រកួតប្រជែង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ថ្នាក់ជាតិ និងទទួលបានចំណាត់ថ្នាក់ល្អ ចំនួន៦ អង្គភាព។
ការដង្ហែក្បួនអបអរសាទរជ័យលាភីនេះផងដែរក៏មានការចូលរួមពីឯកឧត្តម ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងសិស្ស-និស្សិត ប្រជាពលដ្ឋ ចូលរួមប្រមាណជិត៤ពាន់នាក់ ប្រារព្ធ ឡើង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវក្តីអបអរសាទរ ចំពោះការទទួលបានជ័យលាភីរបស់អង្គភាពទាំង៦ ដែលនេះអាចនិយាយបានថា នេះជាជោគជ័យរបស់ខេត្ត ដែលមានអង្គភាពទាំង៦ ទទួលជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ ថ្នាក់ជាតិ ដែលទទួលបានចំណាត់ថ្នាក់ល្អ នៅទូទាំង ប្រទេស កម្ពុជា ។
ឯកឧត្ដម បន្តថា ក្រោយពីការវាយតម្លៃយ៉ាងល្អិតល្អន់ សង្គតិភាពទៅតាម នីតិវិធីដែលបានកំណត់ និងក្រោយពីការធ្វើបទបង្ហាញនៅថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ មានអង្គភាពផ្តល់សេវាសា ធារណៈគំរូចំនួន០៦ ក្នុងនោះវិស័យអប់រំ មាន០២ រួមមាន សាលាមត្តេយ្យសិក្សា ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤, សាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។ ចំពោះវិស័យសុខាភិបាល មាន ០៤អង្គភាព គឺ ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (CPA1) ជាប់ចំណាត់ថ្នាក់លេខ២, ២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ (CPA2)ជាប់ចំណាត់ ថ្នាក់លេខ៣, ៣-មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧។
ជាមួយគ្នានេះដែរ ឯកឧត្ដម បញ្ជាក់ ថា ការពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា ក៏ជាគោលដៅយុទ្ធសាស្ត្រក្នុងការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំណាញខ្ពស់ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរួមរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម សិល្បៈ គណិតវិទ្យា និងពង្រឹងការអប់រំយុវជននិងកីឡា។ ការកែទម្រង់សាលារៀន ដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រង ព្រមទាំងជំរុញការចូលរួម និងភាពជាម្ចាស់ របស់មាតាបិតា សហគមន៍ និងវិស័យឯកជន។
ជាលទ្ធផលឆ្លើយតប សាលាមត្តេយ្យសិក្សាសាធារណៈ សាលាបឋមសិក្សាសាធារណៈ បានដើរតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលគ្រាប់ពូជន៍ដំបូង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ជាចាំបាច់ដោយ ឈរលើមូលដ្ឋាន សាលារៀនត្រូវតែមានបរិស្ថានស្អាតជាប្រចាំទាំងក្រៅ និងក្នុងថ្នាក់ ដែលជាទីមេត្រីសម្រាប់កុមារលេងនិងរៀន ពីព្រោះវាបានផ្តល់ឱ្យកុមារនូវគំនិតច្នៃប្រឌិតថ្មីៗ និងការចែករំលែក កុមារទទួលបានគឺ មានសុខភាពល្អ មានវិន័យ សីលធម៌ សុជីវធម៌ មានទម្លាប់ល្អ និងអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ មានភាពក្លាហាន និងម្ចាស់ការ និងអភិវឌ្ឍន៍ផ្នែក ភាសារសម្រាប់មាតាបិតាអប់រំកូនបែបវិជ្ជមានទៀតផង។
សូមបញ្ជាក់ផងដែរថា ក្រៅពីទទួលបានជ័យលាភីពីការប្រកួតប្រជែង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូនៅទូទាំងប្រទេស ទាំង៦អង្គភាព ។ ក្នុងនោះក៏មានវិស័យអប់រំ ក្នុងខេត្ត ក៏ទទួលបានជ័យលាភីរបស់ក្រសួងអប់រំ យុវជន និងកីឡា (ពានរង្វាន់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី) ឆ្នាំសិក្សា២០២៣-២០២៤ រួមមាន៖ ១-សាលាមត្តេយ្យសិក្សា ធនធានគយម៉ែង ស្រុកមង្គលបូរី, ២, សាលាមត្តេយ្យសិក្សាស្រះជីក ស្រុកភ្នំស្រុក, ៣-សាលាបឋមសិក្សាស្រះរាំង ស្រុកមង្គលបូរី, ៤-សាលាបឋមសិក្សាសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត, ៥-វិទ្យាល័យ ហ៊ុនសែន ខ្លាកូន ក្រុងសិរីសោភ័ណ, ៦-វិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ, ៧-វិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ។ មួយវិញទៀថ្មីៗសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យ សិរីសោភ័ណ ឈ្មោះ ផុង វិវឌ្ឍន៍ ក៏បានទទួលជ័យលាភីលេខ១ថ្នាក់ជាតិ ផ្នែកស្មូតកំណាព្យ ពានរង្វាន់ សម្តេចតេជោហ៊ុនសែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង