សមត្ថកិច្ចស្រាវជ្រាវបង្ក្រាប ករណីលាក់កំបាំងសាកសពជនរងគ្រោះ ធ្លាក់ពីលើអគារ ដោយយកសពទៅកប់ចោលក្នុងចំការស្វាយចន្ទី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីលាក់កំបាំងសាកស.ពជនរងគ្រោះ ធ្លាក់ពីលើអគារ ដោយយកស.ពទៅកប់ចោលក្នុងចំការស្វាយចន្ទី នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ មានករណីប្រទះឃើញសាកស.ពបុរសម្នាក់ ជាជនជាតិចិន នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ យ៉ាងយកចិត្តទុកដាក់ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួន ដែលពាក់ព័ន្ធ នាំយកសាកស.ពទៅកប់ចោល ដោយពុំបានរាយការណ៍ជូនសមត្ថកិច្ច ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអោយដឹងទៀតថា លុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់។
ក្រោយពីបានធ្វើការសាកសួរជនសង្ស័យនេះ ចំនួន៤ រួមមាន ៖
ទី១. ឈ្មោះ XIAO LIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន
ទី២. ឈ្មោះ XU NINGXUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
ទី៣. ឈ្មោះ SAI AUNG KHAY ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
ទី៤. ឈ្មោះ ANGTA AILAI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ។
ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកជនរងគ្រោះធ្លាក់ពីលើអគារ តែជនរងគ្រោះស្លា.ប់តាមផ្លូវហើយ ក៍៏ដឹកសាកស.ពទៅកប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រាកដមែន។ ចំណែកឯ មនុស្សចំនួន៣នាក់ទៀត គឺមិនមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើឡើយ ។
ក្រោយបញ្ចប់ការសួរនាំ ជនដៃដល់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕