មហាជនថតបានបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យមន្ត្រី ចុះអន្តរាគមន៍ណែនាំដល់ម្ចាស់ទីតាំងទម្លាក់ចុះវិញភ្លាមៗ ដែលសរសេរខុសអក្ខរាវិរុទ្ធ

ស្លាកយីហោមួយលើកដោយម្ចាស់ហាងជនជាតិចិន ដែលសរសេរខុសអក្ខរាវិរុទ្ធទាំងស្រុង ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយត្រូវមហាជនថតបានបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត ត្រូវអភិបាលខេត្តមណ្ឌលគិរីបញ្ជាឲ្យមន្ត្រី ចុះអន្តរាគមន៍ណែនាំដល់ម្ចាស់ទីតាំងទម្លាក់ចុះវិញភ្លាមផងដែរ។

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោយពីការលើកស្លាកយីហោដោយសរសេរខុសអក្ខរាវិរុទ្ធ ទាំងស្រុង ដោយមានការបញ្ជាផ្ទាល់ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីឲ្យមន្ត្រីក្រោមឱវាទក្រុង និងសង្កាត់ចុះអនុវត្តអន្តរាគមន៍ឲ្យម្ចាស់ទីតាំងខាងលើទម្លាក់ផ្លាកចុះវិញ និងកែសម្រួលស្លាកយីហោនោះឲ្យត្រូវតាមអក្ខរាវិរុទ្ធ បើពួកគេចង់លើកឡើងសាជាថ្មីម្ដងទៀត ប៉ុន្តែអាជ្ញាធរមិនបានធ្វើកិច្ចសន្យាអ្វីនោះទេគ្រាន់តែអប់រំណែនាំតែប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមិញ មហាជនរំពឹងថា អាជ្ញាធរខេត្តក្រុងនិងពិនិត្យតាមដានស្លាកយីហោនៅតាមហាងរបស់ជនបរទេស ដោយលើកនៅក្នុងខេត្តមណ្ឌលគិរីឲ្យបានល្អិតល្អន់ច្បាស់លាស់ចៀសវាងខុសអក្ខរាវិរុទ្ធបណ្តាលឲ្យមានការភាន់ច្រឡំពីមហាជន ក៏ដូចជាភ្ញៀវផ្សេងៗនៅខេត្តមណ្ឌលគិរីនៅពេលខាងមុខ។

លោក លឹម ស្រេងប្រាប់ថា «ព្រោះអក្សរជាតិខ្មែររបស់យើងដ៏ល្អផូរផង់ ហើយបែរជាត្រូវជនអគតិមួយចំនួនយកទៅបម្លែង សរសេរឲ្យខុសអក្ខរាវិរុទ្ធ ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រទេសជាតិផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង