សោកនាដកម្មយ៉ាងរន្ធត់នៅលើផ្លូវជាតិលេ៥ (ផ្លូវហាយវេ) ដែលបុរសវ័យចំណាស់ម្នាក់និងប្រពន្ធរបស់គាត់ (តានិងយាយ) បានស្លា..ប់ រីឯចៅប្រុស ស្រីរបស់គាត់០២នាក់ទៀតរងរបួសធ្ង..ន់
ខេត្តបាត់ដំបង៖ សោកនាដកម្មយ៉ាងរន្ធត់នៅលើផ្លូវជាតិលេ៥ (ផ្លូវហាយវេ) ដែលបុរសវ័យចំណាស់ម្នាក់និងប្រពន្ធរបស់គាត់ (តានិងយាយ) បានស្លាប់ រីឯចៅប្រុស ស្រីរបស់គាត់០២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បតិហេតុ គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ រវាងរថយន្ត និង អ្នកជិះម៉ូតូ ដែលកើតឡើងនៅម៉ោង៤និង២០នាទីរសៀលថ្ងៃទី ១៥ មិនា នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បង្កឡើងរវាងរថយន្តធុនធ្ងន់ បុកជាមួយអ្នកជិះម៉ូតូ ដែលធ្វើដំណើរកាត់ទទឹងផ្លូវគ្នា លើផ្លូវជាតិលេខ៥។
របាយការណ៏បានឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-0054 អ្នកបើកបររត់គេចខ្លួនក្រោយបុកមនុស្សស្លាប់។ ដោយឡែកភាគីម៉ូតូជិះគ្នា០៤នាក់៖ ១ឈ្មោះ អ៊ុន អន ប្រុសអាយុ៦៣ឆ្នាំស្លាប់ ២ឈ្មោះ ផៃ ពុំ អាយុ៦១ឆ្នាំ ស្លាប់ (ប្ដីប្រពន្ធ) ៣ឈ្មោះ ភ័ក្រ ស្រីណុច ស្រីអាយុ០៩ឆ្នាំ របួសធ្ងន់ និង ៤ឈ្មោះ តឿ សំណាង ប្រុសអាយុ០៦ឆ្នាំ របួសធ្ងន់ (ចៅប្រុសស្រី) ពួកគាត់រស់នៅភូមិឬស្សី២ ឃុំមោង ស្រុកមោងឬស្សី។
នាយការិយាល័យចរាចរណ៏ជើងគោល លោក ចាន់ សុធី បានប្រាប់តាមទូរស័ព្ទថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងដោយសារអ្នកធ្វើដំណើរខ្វះការប្រុងប្រយ័តុ្ន។ លោកបានបញ្ជាក់ថា បើតាមពិនិត្យទីតាំងកើតហេតុ និង យោងលើសាក្សីនានាផង គឺ ភាគីរងគ្រោះដែលជិះម៉ូតូឌុបគ្នារហូតដល់ទៅ០៤នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវជាតិ មិនបានពិនិត្យមើលឆ្វេងស្ដាំ ស្របពេលរថយន្តធុនធ្ងន់បើកមកដល់ដែរ ក៏ជ្រុលបុកម៉ូតូពេញទំហឹងតែម្ដង។
បើតាមរបាយការណ៏ បានឲ្យដឹងថា ភាគីម៉ូតូបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ហើយស្របពេលនោះ រថយន្តដែលធ្វើដំណើរលើផ្លូវជាតិ មកពីទិសខាងលិច ឆ្ពោះទៅកើត មកដល់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុកទៅបុកអ្នកជិះម៉ូតូ តាយាយ និង ចៅៗ ពេញទំហឹងដួលអូសរប៉ាត់រប៉ាយពេញថ្នល់ជាតិ បណ្ដាលឲ្យតានិងយាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯចៅប្រុស ចៅស្រីរបស់គាត់រងរបួសធ្ងន់។
ក្រោយពីធ្វើការវាស់វែង និង ធ្វើកំណត់ហេតុ មន្ត្រីជំនាញបាននាំយករថយន្ត និង ម៉ូតូមករក្សាទុកនៅការិយាល័យចរាចរណ៏ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕