អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ក្រសួងយុត្តិធម៌ នឹងចាត់ក្រុមការងារចុះស្រាវជ្រាវជុំវិញករណី ស្នើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងដីធ្លីនៅតំបន់ភ្នំ១៥០០
ខេត្តពោធិ៍សាត់ ៖ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ, មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធករណី បុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់មេត្តាជ្រាបថា ក្រសួងយុត្តិធម៌ បានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាន និងកំពុងធ្វើការពិនិត្យស្រាវ ករណីនេះ។ ទន្ទឹមនេះ ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹង ចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕