ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពង់ធំ
នៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស សហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានប្រសាសន៍អំពីសារៈសំខាន់នៃស្ថានីយឧតុនិយម ជាពិសេសស្ថានីយឧតុនិយមស្វ័យប្រវតិ្ត ដែលជាសមិទ្ធផលថ្មីលើវិស័យឧតុនិយម បានធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងស្តីពីធាតុអាកាសដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៌មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា ទិន្នន័យឧតុនិយម ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ ទី១)ការគ្រប់គ្រងធនធានទឹកនិងឧតុនិយម បម្រើវិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ទី២)ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តល់ការប្រកាសអាសន្នឱ្យដឹងមុនសម្រាប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ និងទី៣)ការសិក្សាស្រាវជ្រាវ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវធាតុអាកាស ដោយជួយអ្នកវិទ្យាសាស្ត្រសិក្សាការផ្លាស់ប្តូរបរិស្ថានរយៈពេលវែង។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាពក្នុងការតាមដានការព្យាករធាតុអាកាស ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារថែទាំឧបករណ៍ និងសម្អាតទីធ្លាស្ថានីយឧតុនិយមស្វ័យប្រវត្តិឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកកម្ពស់វិស័យឧតុនិយមឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ៕