ក្មេងប្រុសម្នាក់បានត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី ពាក់ព័ន្ធនឹងករណីរួមភេទ ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ

ខេត្តកណ្ដាល ៖ ក្មេងប្រុសម្នាក់បានត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២៥កន្លងទៅ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។ ពោលគឺក្មេងប្រុសរូបនេះ បានបបួលសង្សារចូលក្លិបកម្សាន្តផឹកស៊ីស្រវឹង រួចនាំនាងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់យ៉ាងត្រេកត្រអាលចំនួន៣លើក ទើបម្តាយនាងតាមទាន់ និងក្របួចឲ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់ ។

ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុចផ្ទះសំណាក់សំណាងល្អ ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ទាក់ទិននឹងករណីនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ក្មេងប្រុសរូបនេះ ឈ្មោះ ធីរដ្ឋា ហៅខុង ហៅវីត អាយុ១៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីក៏មានអាយុ១៤ឆ្នាំដែរ ។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្មេងស្រីនិងមិត្តភក្តិបាននាំគ្នាទៅលេងបុណ្យដើមព្រីងនៅសង្កាត់ច្បារអំពៅ ហើយបានស្គាល់គ្នាជាមួយនឹងក្មេងប្រុសរូបនេះ ក៏មានទំនាក់ទំនងនឹងគ្នាចាប់ពីពេលនោះមក ។ លុះមកដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៧ និង៣០នាទីយប់ ក្មេងប្រុសរូបនេះបានឆាតមកក្មេងស្រីបបួលទៅរាំលេងនៅក្នុងក្លិបកម្សាន្តប្រាសាទដែលមានទីតាំងនៅជិតផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានឲ្យក្មេងស្រីបបួលមិត្តភក្តិស្រីម្នាក់ទៀតអាយុ១៣ឆ្នាំ ទៅជាមួយដែរ ។
បន្ទាប់មក ក្មេងស្រីបានប្រាប់ក្មេងប្រុសខាងលើ ឲ្យចាំនាងនៅមុខវត្តច្បារអំពៅ រួចហើយជិះម៉ូតូឌុបនាំគ្នាចេញទៅលេងនៅក្លិប ដោយក្មេងស្រីបានជិះម៉ូតូជាមួយក្មេងប្រុសនោះ ឯមិត្តភក្ដិនាង ជិះម៉ូតូជាមួយមិត្តភក្ដិរបស់ក្មេងប្រុសនាំគ្នាទៅរាំលេងនៅក្លិបកម្សាន្តប្រាសាទ និងបានហៅស្រាបៀរមួយថូធំ មកអង្គុយផឹកបណ្តើរដៃលូកស្ទាបអង្អែលក្មេងស្រីបណ្តើរ ហើយនាងតែងតែយកដៃគ្រវាសចេញ ។
លុះផឹកស៊ីសប្បាយរាំរែករហូតដល់ម៉ោងប្រមាណ១០និង៣០នាទីយប់ ក្មេងស្រីក៏ស្រវឹង និងបានឲ្យក្មេងប្រុសនោះជូននាងទៅផ្ទះវិញ តែជននេះប្រាប់ថា ខ្លួនស្រវឹងហើយជិះម៉ូតូទៅផ្ទះមិនកើតទេ យប់ហ្នឹងទៅដេកផ្ទះសំណាក់ជាមួយខ្លួនទៅ ។ ពេលនោះ នាងស្មានតែក្មេងប្រុសនេះ ដេកជាមួយមិត្តភក្តិរបស់គេ ហើយនាងត្រូវដេកជាមួយមិត្តភក្ដិនាង ក៏យល់ព្រមទៅជាមួយ។
នៅពេលទៅដល់ផ្ទះសំណាក់ «សំណាងល្អ» ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មិត្តភក្តិនាងបានចូលទៅដេកជាមួយមិត្តភក្តិរបស់ក្មេងប្រុសក្នុងបន្ទប់លេខ២ ឯក្មេងប្រុសចូលដេកជាមួយនាងនៅបន្ទប់លេខ៨ ។ ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជននេះចាប់ផ្តើមធ្វើសកម្មភាពលួងលោមរំលោភសេពសន្ថវៈរហូតដល់ភ្លឺបានសម្រេចចំនួន៣លើក ។
លុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នាងបានបបួលជននេះ ទៅដើរលេងនៅបុរី ប៉េង ហួត រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក ក៏បានឌុបនាងយកទៅដល់ផ្លូវចូលផ្ទះក៏ទម្លាក់នៅទីនោះ រួចហើយក៏គេចខ្លួនបាត់ទៅ ។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ២ និង៣០នាទីរសៀល ម្តាយក្មេងស្រីដែលបានដឹងរឿងរ៉ាវទាំងអស់នោះ ក៏នាំកូនស្រីតាមក្របួចក្មេងប្រុសខាងលើ នាំយកទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ក្មេងប្រុសរូបនេះឆ្លើយថា ខ្លួនពិតជាបាននាំនាងជាសង្សារទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ចំនួន៣លើកប្រាកដមែន ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រី និងចម្លើយសារភាពពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងរំលោភសេពសន្ថវៈលើអនីតិជន សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនក្មេងប្រុសរូបនេះទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង