ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសកូរ៉េ ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលសំណង់ការពារច្រាំងស្ទឹងសង្កែ ផ្នែកខាងក្រោយសំណង់ស្ទាក់ទឹកសាលាតាអន ក្នុងខេត្តបាត់ដំបង

នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងទីប្រឹក្សាបច្ចេកទេសគ្រោងប្លង់លម្អិតកូរ៉េ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យដំណើរការជួសជុលសំណង់ការពារច្រាំងស្ទឹងសង្កែ ផ្នែកខាងក្រោយសំណង់ស្ទាក់ទឹកសាលាតាអន ដែលមានទីតាំងស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទទួលរងនូវការខូចខាតដោយស្រុតរអិលបាក់ កាលពីចុងរដូវវស្សាឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការងារជួសជុលច្រាំងស្ទឹងនៅផ្នែកខាងស្តាំមានប្រវែង ៨០ម៉ែត្រ គិតត្រឹមថ្ងៃទី១៩ ខែមីនានេះ វឌ្ឍនភាពការងារសម្រេចបាន៣០% និងចាប់ផ្តើមដំណើរការជួសជុលផ្នែកខាងឆ្វេងប្រវែង ១៣៥ម៉ែត្រ ហើយការងារនេះគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង