លោក ផាង វី ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលសម្រេចបាន ១០០% ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ
នៅរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងស្រុកបាទី ខេត្តតាកែវ។
សូមជម្រាបថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តធ្វើស្រែប្រាំងមានប្រមាណ ៥ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។
លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីការនាំទឹក និងអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ជាលទ្ធផលបានបញ្ចប់ ១០០% ហើយស្រូវប្រាំងរបស់បងប្អូនប្រជាកសិករក៏បានច្រូតកាត់ប្រមូលផលបានប្រមាណ ៩៥% នៅសល់ប្រមាណ ៥%ទៀត កំពុងច្រូតកាត់បន្ត។ លោកបានបញ្ជាក់ថា អាងទឹកទន្លេបាទី និងតាមប្រឡាយហនុមាននៅមានសល់ទឹកដែលអាចធានាបាននូវការប្រើប្រាស់រហូតដល់ខែ៧ ខែ៨ ខាងមុខនេះ។
សូមបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បើកទ្វារទឹកទំនប់អាងទឹកតាសាល ដើម្បីបញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ដែលមានចម្ងាយប្រមាណជាង ២០០គីឡូម៉ែត្រ ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ក្នុងស្រុកបាទីនិងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ៕